ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានថ្កោលទោសការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលលើមូលដ្ឋានស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា រួមទាំងសាលារៀនមួយកន្លែង កំឡុងពេលទូរស័ព្ទជាមួយស្តេច Abdullah II នៃប្រទេសហ្ស៊កដានីកាលពីថ្ងៃអង្គារ ថា «គួរឲ្យស្អប់ខ្ពើម»។
ក្រុមអ្នកជួយស0ង្គ្រោះ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃចន្ទ ៣៣នាក់នៅក្នុងសាលារៀនដែលក្លាយជាទីជម្រកក្នុងការវាយលុកជាថ្មី ដើម្បីកម្ទេចក្រុមហាម៉ាសដែលនាំឲ្យមានការថ្កោលទោសពីអន្តរជាតិ។
លោកស្រី von der Leyen បានលើកឡើងថា៖«ការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងចំណោមពួកវា សាលារៀនមួយកន្លែងដែលជាជម្រកសម្រាប់គ្រួសារប៉ាឡេស្ទីនដែលផ្លាស់ទីលំនៅ ការសម្លាប់ជនស៊ីវិល រួមទាំងកុមារ គឺជារឿងដ៏គួរឲ្យស្អប់ខ្ពើមបំផុត»។
លោកស្រីបានបញ្ជាក់ថា៖«គណៈកម្មការអឺរ៉ុបតែងតែគាំទ្រ ហើយនឹងបន្តគាំទ្រដល់់សិទ្ធិរបស់អ៊ីស្រាអែលក្នុងការក្សាសន្តិសុខ និងស្វ័យការពារ»។
លោក von der Leyen បានព្រមានថា៖«ប៉ុន្តែការកើនឡើងភាពតានតឹង និងការប្រើប្រាស់កម្លាំងមិនសមាមាត្រ ប្រឆាំងនឹងជនស៊ីវិល មិនអាចចាត់ទុកថា ត្រឹមត្រូវ នៅក្រោមច្បាប់មនុស្សធម៌ និងច្បាប់អន្តរជាតិ» ទេ។
ប្រធានគណៈកម្មការរូបនេះ បានទាមទារឲ្យអ៊ីស្រាអែល «ស្តារឡើងវិញជាបន្ទាន់ នូវការផ្តល់ជំនួយស្របតាមគោលការណ៍មនុស្សធម៌ ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌អន្តរជាតិផ្សេងទៀត»។