តុលាការកងទ័ពជើងទឹកក្រិក បានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រ ១៧ នាក់ ជុំវិញគ្រោះមហន្តរាយទូកដ៏សាហាវបំផុតមួយ នៅសមុទ្រមេឌីទែរ៉ាណេ ដែលបានសម្លាប់ជនអន្តោប្រវេសន៍រហូតដល់ ៦៥០នាក់។
ទូកនេសាទ Adriana ដែលផ្ទុកមនុស្សលើសចំណុះ បានក្រឡាប់ និងលិចនៅជិតទីក្រុង Pylos នៃឆ្នេរសមុទ្រក្រិក ក្នុងខែមិថុនា ឆ្នាំ ២០២៣។
អ្នកនៅរស់រានមានជីវិត បានប្រាប់សារព័ត៌មាន BBCថា សាក្សីត្រូវបានបិទមាត់ដោយឆ្មាំឆ្នេរសមុទ្រក្រិកដែលបានបណ្តាលឲ្យទូក Adriana ក្រឡាប់ ដោយព្យាយាមអូសវានោះ។ អាជ្ញាធរក្រិក បានបដិសេធជានិច្ចនូវការអះអាងទាំងនេះ។

រដ្ឋអាជ្ញារងរបស់តុលាការកងទ័ពជើងទឹកនៃទីក្រុង Piraeus បានរកឃើញថា សមាជិក ១៧នាក់នៃឆ្មាំឆ្នេរសមុទ្រ Hellenic គួរតែប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មជុំវិញគ្រោះមហន្តរាយនេះ។
អ្នកនៅរស់រានមានជីវិតម្នាក់ បានប្រាប់សារព័ត៌មាន BBC កាលពីថ្ងៃចន្ទថា៖«យើងបានចំណាយពេលពីរឆ្នាំសម្រាប់ការចោទប្រកាន់ទាំងនេះ ទោះបីជាមានមនុស្សជាច្រើន បានឃើញពីអ្វីដែលបានកើតឡើងក៏ដោយ» ។
ក្នុងចំណោមអ្នកដែលប្រឈមមុខនឹងការចោទប្រកាន់ គឺប្រធានក្រុមនាវា LS-920 ដែលជានាវាឆ្មាំឆ្នេរដែលបានស្ទាក់ចាប់ទូក Adriana។ ប្រធានក្រុមនេះ ត្រូវបានគេចោទប្រកាន់ពីបទ«បង្កឲ្យទូកលិច» ដោយបណ្តាលឲ្យនាំឲ្យមនុស្សយ៉ាងហោចណាស់ ៨២នាក់ ស្លាប់។
