រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក លោក Marcelo Ebrard បាននិយាយកាលពីថ្ងៃអង្គារថា ការពិនិត្យឡើងវិញនាពេលខាងមុខនៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា ស្តីពីពាណិជ្ជកម្មសេរី អាចចាប់ផ្តើមនៅចុងខែកញ្ញា ឬដើមខែតុលា។
លោក Ebrard បាននិយាយទៅកាន់អ្នកសារព័ត៌មានថា បទប្បញ្ញត្តិរបស់សហរដ្ឋអាមេរិក តម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយវិស័យផ្សេងៗ មុនពេលពិនិត្យឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្នុងប៉ុន្មានខែខាងមុខនេះ។ លោកនិយាយបន្ថែមថា ម៉ិកស៊ិកនឹង «វាយតម្លៃអ្វីគ្រប់យ៉ាង» ហើយបច្ចុប្បន្នលោកកំពុងធ្វើការជាមួយវិស័យធុរកិច្ចរបស់ប្រទេស លើបញ្ហាដែកថែបនិងអាលុយមីញ៉ូម។
លោកEbrard សង្ឃឹមថាសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក នឹងឈានចូលទៅក្នុងដំណាក់កាលនៃ «សកម្មភាពតំបន់សេដ្ឋកិច្ចកាន់តែធំ» ដោយមានសមាហរណកម្មកាន់តែច្រើន នៅទូទាំងអាមេរិកខាងជើង។
យោងតាមតួលេខផ្លូវការចុងក្រោយបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក ដែលជាប្រទេសធំទីពីរនៅអាមេរិកឡាទីន បន្ទាប់ពីប្រេស៊ីល បានកើនឡើង១,៤ភាគរយក្នុងឆ្នាំ២០២៤ ធ្លាក់ចុះពី៣,៣ភាគរយកាលពីឆ្នាំមុននោះ។
រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនឹងកើនឡើងចន្លោះពី១,៥ ភាគរយទៅ២,៣ ភាគរយនៅឆ្នាំ២០២៥នេះ។