កូរ៉េខាងជើងកាលពីថ្ងៃអង្គារ បានរិះគន់ផែនការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីបង្កើតប្រព័ន្ធការពារមីស៊ីល Golden Dome ពាក់ព័ន្ធនឹងឧបករណ៍ស្ទាក់ចាប់ដែលមានមូលដ្ឋាននៅក្នុងលំហថា ជាការប៉ុនប៉ង ដើម្បីបន្តសេណារីយោសង្គ្រាមនុយក្លេអ៊ែរ នៅទីអវកាស។

វិទ្យាស្ថានសិក្សាអាមេរិករបស់ក្រសួងការបរទេសកូរ៉េខាងជើង បានចេញការរិះគន់នេះ នៅក្នុងអនុស្សរណៈមួយចុះថ្ងៃទី២៦ ខែឧសភា និងបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ មួយសប្តាហ៍ បន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានប្រកាសផែនការដែលមានតម្លៃ ១៧៥ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ប្រព័ន្ធការពារមីស៊ីល Golden Dome មុនពេលបញ្ចប់អាណត្តិរបស់លោក។
ផែនការនេះ បានកើតឡើង នៅពេលដែលក្រុងវ៉ាស៊ីនតោន ព្យាយាមទប់ទល់នឹងការគំរាមកំហែង ដែលកំពុងវិវឌ្ឍន៍ ពីកូរ៉េខាងជើង ចិន និងរុស្ស៊ី ដោយធ្វើតាមក្រឹត្យខែមករារបស់លោក ត្រាំ ក្នុងការកសាង «Iron Domeសម្រាប់អាមេរិក» ដើម្បីដោះស្រាយការគំរាមកំហែង ដែលបង្កឡើងដោយមីស៊ីលបាលីស្ទីកតម្រង់គោលដៅល្បឿនលឿនជាងសំឡេង និងការវាយប្រហារតាមអាកាសកម្រិតខ្ពស់ផ្សេងទៀត។
ប្រទេសកូរ៉េខាងជើង បានពណ៌នាផែនការប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកថា ជា «គំនិតផ្តួច ផ្តើមគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត» ក្នុងគោលបំណងសម្រួលដល់ការប្រើប្រាស់កម្លាំង និងការត្រៀមលក្ខណៈវាយលុកដោយយោធារបស់កងកម្លាំងអាមេរិក។
