លោក Rodion Miroshnik បេសកជនពិសេសរបស់ក្រសួងការបរទេសរុស្ស៊ីទទួលបន្ទុកឧក្រិដ្ឋកម្មនៃរបប ទីក្រុងគីវ បាននិយាយថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានសម្លាប់ជនស៊ីវិលជាង ១៣.000 នាក់ និង ជាង ៣៧.000នាក់ បានរងរបួស ចាប់តាំងពីឆ្នាំ ២០១៤។
មន្ត្រីការទូតរូបនេះ បាននិយាយនៅក្នុងកិច្ចពិភាក្សាមួយនៅខាងក្រៅកិច្ចប្រជុំអន្តរជាតិលើកទី១៣ នៃតំណាងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាសន្តិសុខថា៖«ចាប់តាំងពីឆ្នាំ ២០១៤ ជនស៊ីវិលជាង ៣៧.000នាក់បានរងរបួស និង ១៣.000នាក់ ត្រូវបានសម្លាប់។ កុមារប្រហែល ១.៨០០នាក់ បានរងរបួស និងប្រហែល៤០០នាក់ ត្រូវបានសម្លាប់។ ប្រសិនបើយើងយកតួលេខ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២២ នោះគឺចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី មនុស្សចំនួន ៧.000នាក់ ត្រូវបានសម្លាប់ និងជនស៊ីវិលជាង ១៦.000នាក់ បានរងរបួស»។

អ្នកការទូតរូបនេះ បានបន្ថែមថា យោធាអ៊ុយក្រែន បានបាញ់គ្រាប់កាំភ្លើងជាង ២៧ ម៉ឺនគ្រាប់ ទៅទីតាំងរបស់ជនស៊ីវិល។ លោក Miroshnik ក៏បានប្រៀបធៀបអ៊ុយក្រែនទៅនឹងដុំសាច់មហារីកដ៏សាហាវ ដែលអាចលូតលាស់បាន ដោយមានការគាំទ្រពីលោកខាងលិចប៉ុណ្ណោះ។
អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា៖«ទីបំផុត ជម្លោះនៅអ៊ុយក្រែន គឺជាដុំសាច់មហារីកដ៏ខ្លាំងក្លា ដែលបង្កឡើងដោយក្រុមប្រទេសលោកខាងលិច និងអាចកើតឡើងបាន ដោយសារមានការគាំទ្រ ការគ្រប់គ្រង និងការផ្គត់ផ្គង់គ្រាប់រំសេវ និងហិរញ្ញវត្ថុពីខាងក្រៅ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើការគាំទ្រនៅតែបន្ត សង្រ្គាមនេះ អាចនឹងវិវឌ្ឍន៍ទៅជាវិបត្តិសកល។ ប្រសិនបើការគាំទ្រត្រូវបញ្ឈប់ សកម្មភាពទាំងអស់ ក៏នឹងត្រូវបញ្ចប់ដែរ។
