ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសកាណាដា នឹងត្រូវបង់ប្រាក់ចំនួន ៦១ពាន់លានដុល្លារ ក្នុងការចូលរួមជាមួយប្រព័ន្ធ «Golden Dome» ដែលលោកបានស្នើឡើង ដើម្បីលើកកម្ពស់សមត្ថភាពការពារមីស៊ីល នៅអាមេរិកខាងជើង ជាមួយនឹងឧបករណ៍ស្ទាក់ចាប់មានទីតាំងនៅក្នុងលំហ។
ប៉ុន្តែលោកបានធ្វើឲ្យទីក្រុង Ottawa ខឹងសម្បា ដោយនិយាយថា លោកនឹងមានឆន្ទៈការពារកាណាដាដោយមិនចាំបាច់ចំណាយអ្វីទាំងអស់ ប្រសិនបើប្រទេសនេះជ្រើសរើសចូលរួមជាមួយសហរដ្ឋអាមេរិក ជាការលើកឡើងចុងក្រោយរបស់លោក ដែលថា អ្នកជិតខាងភាគខាងជើងរបស់សហរដ្ឋអាមេរិកមួយនេះ នឹងទទួលបានអត្ថប្រយោជន៍ ដោយសារការព្រមក្លាយជាផ្នែករបស់អាមេរិក។
តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម កាលពីថ្ងៃអង្គារ (ទី២៧ ខែឧសភា) លោក Trump បានប្រាប់ថា៖ «ខ្ញុំបានប្រាប់កាណាដាដែលចង់ក្លាយជាផ្នែកមួយនៃប្រព័ន្ធ Golden Dome ដ៏អស្ចារ្យរបស់យើងថា ខ្លួននឹងត្រូវចំណាយអស់ ៦១ពាន់លានដុល្លារអាមេរិក ប្រសិនបើនៅតែជាប្រទេសដាច់ដោយឡែក តែមិនស្មើភាពគ្នា ប៉ុន្តែនឹងមិនត្រូវចំណាយសូម្បី ១សេន (ZERO DOLLARS) ប្រសិនបើព្រមក្លាយជារដ្ឋទី៥១ ដ៏មានតម្លៃរបស់យើង។ ពួកគេកំពុងពិចារណាសំណើនេះ»។

លោក Trump កាលពីសប្តាហ៍មុនបានរៀបរាប់លម្អិតពីកិច្ចប្រឹងប្រែងប្រកបដោយមហិច្ឆតារបស់លោក ក្នុងការកសាងខែលការពារសហរដ្ឋអាមេរិក ពីការគំរាមកំហែងនានា ក្នុងនោះរួមទាំងពីមីស៊ីលបាលីស្ទិក ល្បឿនលឿន និងតម្រង់គោលដៅកម្រិតខ្ពស់ផងដែរ ដោយនិយាយថា វានឹងដំណើរការពេញលេញ នៅចុងបញ្ចប់នៃអាណត្តិរបស់លោក។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីសប្តាហ៍មុន បានបញ្ជាក់ថា ប្រទេសរបស់លោកកំពុងពិចារណាចូលរួមគម្រោងនេះជាមួយសហរដ្ឋអាមេរិក ប៉ុន្តែបានបដិសេធមិននិយាយពីតម្លៃដែលត្រូវចំណាយ ហើយបានប្រាប់ថា ការពិភាក្សារបស់ពួកគេ គឺស្ថិតនៅក្នុងដំណាក់កាលដំបូង។
សហរដ្ឋអាមេរិក និងកាណាដា មានទំនាក់ទំនងជិតស្និទ្ធជាយូរមកហើយ ប៉ុន្តែទំនាក់ទំនង ត្រូវបានប៉ះពាល់ដោយសារលោក Trump ដែលបានបើកសង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹង និងបានអំពាវនាវដោយបើកចំហឲ្យកាណាដាក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក៕

