ភ្នំពេញ៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលចិន បន្តប្រឆាំងដាច់ខាតចំពោះការគាបសង្កត់របស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជា ដើម្បីវាយប្រហារចំពោះទំនាក់ទំនងដ៏ស្អិតល្មួតរវាងកម្ពុជា-ចិន។
ប្រតិកម្មរបស់ចិន បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីទណ្ឌកម្មរបស់ខ្លួនមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាសមិនលក់អាវុធមកឱ្យប្រទេសកម្ពុជា ដោយចោទរាជរដ្ឋាភិបាលកម្ពុជា រំលោភសិទ្ធិមនុស្ស និងមានទំនាក់ទំនងស្អិតរមួតជាមួយចិន។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជុំរីករាយ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ លោកអគ្គរដ្ឋទូតចិន បានបញ្ជាក់ថា «ប្រទេសមួយចំនួន បានធ្វើហួសយុត្តាធិការព្រំដែនកំណត់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលចិននឹងប្រឆាំងដាច់ខាតចំពោះទង្វើបែបនេះ»។
ជាមួយនឹងការថ្កោលទោសចំពោះការដាក់ទណ្ឌកម្មឯកតោភាគីតាមអំពើចិត្ត លោក វ៉ាង វិនធាន បានចាត់ទុកថា សហរដ្ឋអាមេរិក បាននឹងកំពុងលាបពណ៌ជាបន្តបន្ទាប់មកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។ «នយោបាយអំណាចគាបសង្កត់ អនុន្តរភាព គំនិតលំអៀង គឺគ្មានអនុភាពនោះទេ»។ នេះបើតាមការបញ្ជាក់បន្ថែមទៀតរបស់លោកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
បើតាមលោកអគ្គរដ្ឋទូតចិន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា បានឆ្លងកាត់បទពិសោធន៍ជាច្រើន និងនៅតែរឹងមាំជាដរាប ហើយកងទ័ពប្រទេសទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាសហគមន៍រួមវាសនាតែមួយ៕អត្ថបទ៖ បាន ចក់