នៅថ្ងៃពុធនេះ អង្គការសហប្រជាជាតិ(UN) បានព្រមានថា មាននូវឱកាស ៧០ភាគរយដែលកម្តៅជាមធ្យមនៅលើផែនដី ចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៩ នឹងកើនឡើងចំនួន ១,៥អង្សាសេរ ។
យោងតាមរបាយការណ៍អាកាសធាតុប្រចាំឆ្នាំដែលបានចុះផ្សាយដោយអង្គការឧតុនិយមពិភពលោក(WMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់ UN បានឲ្យដឹងថា ផែនដីត្រូវបានគេរំពឹងថានឹងស្ថិតក្នុងកម្រិតកម្តៅជាប្រវត្តិសាស្រ្ត ក្រោយកត់ត្រាឆ្នាំក្តៅបំផុតពុំធ្លាប់មាន ២លើកនៅឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ។

លោក Ko Barrett គឺជាអគ្គនាយកអង្គការ WMO និយាយថា ពួកយើងធ្លាប់ជួបឆ្នាំក្តៅបំផុតជាប់កំណត់ត្រាចំនួន ១០លើក ។
លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍របស់ WMO ពុំផ្តល់សញ្ញាណាមួយនៃការថមថយកម្តៅនោះទេនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយនេះមានន័យថា នឹងមានផលអវិជ្ជមានកើនឡើងលើសេដ្ឋកិច្ចរបស់ពួកយើង ការរស់នៅប្រចាំថ្ងៃរបស់ពួកយើង ប្រព័ន្ធអេកូឡូស៊ីរបស់ពួកយើង និងផែនដីរបស់ពួកយើង ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ មានគោលបំណងកំណត់ការឡើងកម្តៅផែនដីត្រឹមក្រោម ២អង្សាសេ ពីលើកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ហើយបើមានលទ្ធភាពត្រឹម ១,៥អង្សាសេ ៕
