សម្តេចប៉ាប ឡេអូ នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ហើយបានអំពាវនាវឲ្យអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស «គោរពទាំងស្រុង»នូវច្បាប់មនុស្សធម៌អន្តរជាតិ។
សម្តេចប៉ាប បានថ្លែងក្នុងអំឡុងពេលជួបទស្សនិកជនទូទៅប្រចាំសប្តាហ៍របស់ព្រះអង្គ នៅទីលាន St. Peter's Square ថា៖«នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប សម្រែកយ៉ាងខ្លាំង កំពុងទៅដល់ឋានសួគ៌កាន់តែច្រើនឡើងៗពីម្តាយ និងឪពុក ដែលកាន់សាកសពកូនៗ របស់ពួកគេយ៉ាងណែន »។

សម្តេចប៉ាប បានថ្លែងថា៖«ចំពោះអ្នកដែលទទួលខុសត្រូវ ខ្ញុំបន្តការអំពាវនាវរបស់ខ្ញុំ៖ បញ្ឈប់ការប្រយុទ្ធគ្នា»។ «ដោះលែងចំណាប់ថ្នូរទាំងអស់ និងគោរពច្បាប់មនុស្សធម៌ឲ្យបានពេញលេញ»។
ព្រះអង្គ ឡេអូ ដែលត្រូវបានបោះឆ្នោតជ្រើសរើស នៅថ្ងៃទី ០៨ ខែឧសភា ដើម្បីជំនួសតំណែងសម្តេចប៉ាប ហ្វ្រង់ស៊ីស ក៏បានអំពាវនាវឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនផងដែរ។
