
ភ្នំពេញ៖ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់នាំសាខាខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសម្ភារៈអនាម័យទឹកស្អាត ដែលមានអណ្តូងបំពាក់ដោយម៉ូទ័របូមទឹក និងស៊ីទែនស្តុកទឹកធ្វើពីផ្លាស្ទីកចំណុះ ២,០០០លីត្រ ចំនួន៨កន្លែង និងកន្លែងលាងសម្អាតដៃ ២១កន្លែង ស្ថិតនៅក្នុងសាលារៀន២១ ក្នុងចំណោមសាលា២៦ ក្នុងស្រុកឱរ៉ាល់ ដែលមានអ្នកទទួលផលសរុបចំនួន ៦,៨៤២នាក់។
ក្នុងឱកាសសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលអុ្នកជាអាស្រ័យនៃសមិទ្ធផលទាំងនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំព្រះរាជបន្ទូលសួរសុខទុក្ខ ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹកអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។
លោកជំទាវ អគ្គលេខាធិការ មានប្រសាសន៍បន្តទៀតថា “ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ធ្វើឲ្យកាកបាទក្រហមកម្ពុជា ល្បីរន្ទឺទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលធ្វើឲ្យសប្បុរសជនមានការជឿជាក់មកលើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិតជាបានជួយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ពិតប្រាកដមែន ទើបមានសប្បុរសជនជាច្រើនទាំងក្នុងនិងក្រៅប្រទេសបានចូលរួមចំណែកជាមួយ កក្រក ជាក់ស្ដែងសម្ភារៈអនាម័យទឹកស្អាតរួមមាន(អណ្តូងទឹកស្អាត និងកន្លែងលាងដៃ)ទាំងនេះ គឺជាការឧបត្ថម្ភគាំទ្រពី កាកបាទក្រហមកូរ៉េ។ លោកជំទាវឱ្យដឹងទៀតថា២ឆ្នាំមកនេះ បើបីកម្ពុជាបានជួបនូវវិបត្តិជំងឺកូវី១៩ ក៏ដោយក៏កម្ពុជាមានសម្តេចតេជោជាប្រមុខដឹកដ៏មានភាពឈ្លាសវៃ និងបិនប្រសព្វ ដោយដៃម្ខាងរកជំនួយ ដៃម្ខាងការពារមេរោគកូវីត១៩ ជាពិសេសការចាក់ស្រោចវ៉ាក់សាំង ទៅដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកគ្រូអ្នកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនដែលទទួលបាននូវសមិទ្ឋនេះទាំងអស់ មានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជាអណ្តូងទឹកស្អាតពួកគាត់នៅក្នុងបរិទនេះ។
ទន្ទឹមនឹងនោះ ឯកឧត្តម សុខ ភា អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគាំទ្រនូវសកម្មភាពមនុស្សធម៌របស់សាខា ជាពិសេសសម្តេចបានជួយទំនុកបម្រុងថវិកាសម្ភារយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអំឡុងពេលនៃការប្រយុទ្ធជាមួយជំងឺកូវីដ-១៩កន្លងមក។ ការផ្តល់អណ្តូងនិងកន្លែងលាងដៃនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្សានុសិស្ស ដើម្បីឲ្យពួកគាត់មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ក្នុងការលាងដៃគ្រប់ពេលវេលាតាមត្រូវការ។
បន្ថែមពីនោះទៀតលោកជំទាវ អគ្គលេខាធិការ បានដាស់តឿនក្រើនរំលឹកដល់ក្មួយៗ ដែលជាសិស្សានុសិស្សទាំងអស់ ត្រូវធ្វើការសម្អាតដៃជាប្រចាំ ជាពិសេស៣កុំ ៣ការពារ។ លើពីនោះទៀតសូមអោយមានការចូលថែរក្សា នូវផលថ្មីនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួម និងមាននិរន្តរភាពយូរអង្វែងតទៅ។
សូមជម្រាបផងដែរថាគម្រោងអនាម័យទឹកស្អាតនេះបានរួមចំណែកដ៏ធំធេងក្នុងការ លើកកម្ពស់សុខមាលភាពសិស្សានុសិស្ស ដែលមានអាយុចន្លោះ ពី ៥ ឆ្នាំ ដល់ ១២ ឆ្នាំ ដោយជួយកាត់បន្ថយពីការចម្លងរោគផ្សេងៗ ដែលបង្ករឱ្យមានជំងឺរាគរូស ដោយសារប្រភពទឹកមិនស្អាត ជាពិសេសចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺ Covid-19 ដោយសិស្សានុសិស្សសាលាគោលដៅទាំងអស់មានលទ្ធភាពក្នុងការទទួលបាននូវទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងលាងសម្អាតដៃបានគ្រប់គ្រាន់ និងគ្រប់ពេលវេលាតាមតម្រូវការ៕







