រដ្ឋមន្រ្តីក្រសួងកសិកម្មប្រេស៊ីលលោក Carlos Fávaro និយាយកាលពីថ្ងៃអង្គារថា ប្រេស៊ីលបានបញ្ជាក់ករណីថ្មីនៃជំងឺគ្រុនផ្តាសាយបក្សីលើសត្វស្លាបព្រៃ ដែលក្រុមមន្រ្តីនិយាយថា វាគ្មានហានិភ័យចំពោះប្រតិបត្តិការសត្វស្លាបនោះទេ ។ ក្រុមអាជ្ញាធរ បានស៊ើបអង្កេតផងដែរលើលទ្ធភាពនៃករណីឆ្លងថ្មីលើកសិដ្ឋានចិញ្ចឹមសត្វ ។
នៅដើមខែនេះ ប្រេស៊ីលដែលជាប្រទេសនាំចេញសត្វមាន់ធំជាងគេបំផុតរបស់ពិភពលោក រាយការណ៍ការរីករាលដាលឆ្លងជំងឺគ្រុនផ្តាសាយបក្សីលើកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងនៅទីក្រុង Montenegro ជាហេតុជំរុញឲ្យមានការហាមឃាត់ការធ្វើពាណិជ្ជកម្មពីប្រទេសជាច្រើន ក្នុងកម្រិតថ្នាក់តំបន់ និងថ្នាក់ជាតិ ។
យោងតាមទិន្នន័យដែលបានចុះផ្សាយដោយក្រសួងកសិកម្មប្រេស៊ីល បានឲ្យដឹងថា ករណីឆ្លងចុងក្រោយលើសត្វស្លាបព្រៃនេះ ត្រូវបានរកឃើញនៅទីក្រុង Mateus Leme ស្ថិតក្នុងរដ្ឋភាគអាគ្នេយ Minas Gerais ។
លោក Favaro និយាយប្រាប់សវនាការព្រឹទ្ធសភាថា ករណីឆ្លងនេះគួរចាត់ទុកថាជារឿងធម្មជាតិ ចាប់តាំងពីប្រេស៊ីលសម្បូរសត្វស្លាបបំលាស់ទីជម្រករួចមកនោះ ដែលជាទូទៅវាតែងតែចម្លងវីរុស ។
លោកបាននិយាយផងដែរថា ក្រុមអាជ្ញាធរកំពុងស៊ើបអង្កេតលើករណីឆ្លងថ្មីរកឃើញក្នុងហ្វូងសត្វចិញ្ចឹមនៅរដ្ឋ Rio Grande do Sul ៕