រូបភាពវីដេអូឃ្លីបទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ ឃើញជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានប្រញាយគ្នាដណ្តើមយកកញ្ចប់ជំនួយនៅទីក្រុងភាគខាងត្បូង Rafah ដែលស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពអ៊ីស្រាអែល ។
នៅក្នុងរូបភាពវីដេអូឃ្លីបនេះ ឃើញជនប៉ាឡេស្ទីនពិនិត្យមើលប្រអប់ដែលរួមមានម៉្សៅ ប្រេងឆា ទឹកប៉េងប៉ោះ និងអាហារកំប៉ុង ។
បុរសម្នាក់ដែលទួលកញ្ចប់ជំនួយនិយាយថា ប្រអប់ជំនួយនេះ ត្រូវបានចែកចាយដោយពុំបានបញ្ជាក់អ្នកត្រូវទទួលនោះទេ ហើយមនុស្សត្រូវបានសុំឲ្យទទួលយកប្រអប់ជំនួយ ។ លោកបន្តថា ប្រអប់ជំនួយទាំងនេះ ផ្តល់ភាពធូរស្រាលខ្លះដែរ អំឡុងពេលកើតមានវិបត្តិ ។
ការចែកចាយជំនួយនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ក្រោមការគ្រប់គ្រងរបស់មូលនិធិមនុស្សធម៌ហ្កាហ្សា ។
គិតត្រឹមរសៀលថ្ងៃអង្គារ មូលនិធិមនុស្សធម៌ហ្កាហ្សា និយាយថា ពួកគេបានចែកចាយជំនួយប្រហែល ៨ពាន់កញ្ចប់ស្មើនឹងអាហារចំនួន ៤៦២.០០០ ក្រោយការបិទច្រករបស់អ៊ីស្រាអែលរយៈពេលជិត ៣ខែលើដែនដីឡើងព័ទ្ធមួយនេះ ។
យោធាអ៊ីស្រាអែល និយាយថា ទីតាំងជំនួយ ៤កន្លែង ត្រូវបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ នៅទូទាំងតំបន់ហ្កាហ្សា ហើយទីតាំង ២កន្លែងនៅទីក្រុង Rafah ចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃអង្គារ និងត្រូវបានចែកចាយកញ្ចប់ជំនួយដល់ជនប៉ាឡេស្ទីនរាប់ពាន់គ្រួសារ នៅតំបន់ហ្កាហ្សាស្រ្ទីប ។
អង្គការសហប្រជាជាតិ(UN) និងក្រុមជំនួយអន្តរជាតិផ្សេងទៀត បានធ្វើពហិកាចំពោះមូលនិធិមួយនេះ ដោយពួកគេលើកឡើងថា វាបានធ្វើឲ្យអន្តរាយដល់គោលការណ៍ជំនួយមនុស្សធម៌ ដែលគួរត្រូវបានចែកចាយដោយឯករាជ្យពីភាគីជម្លោះ ដោយផ្អែកលើតម្រូវការជាក់ស្តែង ៕