ការិយាល័យរបស់លោក Volodymyr Zelenskiy បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅដល់ទីក្រុងប៊ែរឡាំងហើយ នៅថ្ងៃពុធ (ទី២៨ ខែឧសភា) នេះ ដើម្បីពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាជម្លោះដែលបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតនៅទ្វីបអឺរ៉ុបជាលើកដំបូង គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។
អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Merz ទទួលលោក Zelenskiy ជាមួយនឹងរបងកិត្តិយសយោធា នៅឯវិមានអធិការបតីសហព័ន្ធ នាពេលថ្ងៃត្រង់ តាមពេលវេលាម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១០ ម៉ោងសកល) ដោយនេះជាដំណើរទស្សនកិច្ចមួយដែលផ្តោតលើការគាំទ្ររបស់អាល្លឺម៉ង់ ចំពោះអ៊ុយក្រែន ក៏ដូចជាកិច្ចប្រឹងប្រែង ដើម្បីសម្រេចបានបទឈប់បាញ់។
គួរបញ្ជាក់ថា មន្ត្រីអ៊ុយក្រែន និងរុស្ស៊ី បានជួបប្រជុំគ្នាក្នុងខែនេះ ដែលជាការចរចាទល់មុខគ្នាលើកដំបូងរបស់ភាគីទាំង២ គិតចាប់តាំងពីការលុកលុយពេញបន្ទុករបស់រុស្ស៊ីលើអតីតប្រទេសជិតខាងសហសូវៀត ក្នុងឆ្នាំ២០២២ ដោយមានសម្ពាធពីប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ឲ្យបញ្ចប់សង្រ្គាមនេះ។
តែកិច្ចចរចាបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ ហើយរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំចំនួន ៣យប់ជាប់គ្នាលើអ៊ុយក្រែន កាលពីចុងសប្តាហ៍។ លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីបានប្រមូលផ្តុំកងទ័ពចំនួន ៥០.០០០នាក់ នៅជិតតំបន់ Sumy ភាគខាងជើងនៃប្រទេសអ៊ុយក្រែន។
ដោយលោក Trump បង្ហាញសញ្ញាងាកមកគាំទ្រអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អាល្លឺម៉ង់អាចដើរតួនាទីសំខាន់កាន់តែខ្លាំងឡើងៗ ក្នុងនាមជាអ្នកគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុដ៏ធំបំផុតរបស់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។ ហើយលោក Merz ជាក្រុមអភិរក្សនិយមដែលបានចូលកាន់តំណែងក្នុងខែនេះ បានប្តេជ្ញាថា នឹងធ្វើតួនាទីជាអ្នកដឹកនាំបន្ថែមទៀត ក្នុងការធានាឲ្យបាននូវការគាំទ្រ សម្រាប់អ៊ុយក្រែនច្រើនជាងលោក Olaf Scholz ដែលជាអ្នកកាន់តំណែងមុនរបស់គណបក្សសង្គមប្រជាធិបតេយ្យ៕