មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ(UN) និយាយថា មនុស្សប្រហែល ៤៧នាក់ បានរងរបួស ដែលភាគច្រើននៃពួកគេរងរបួសដោយសារការបាញ់ប្រហាររបស់យោធាអ៊ីស្រាអែល អំឡុងភាពវឹកវរនៅមជ្ឈមណ្ឌលចែកចាយជំនួយថ្មីនៅតំបន់ហ្កាហ្សា ។
ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែលនិយាយថា ទាហានរបស់ខ្លួនពុំបានបាញ់ប្រហារជនស៊ីវិលនៅចំណុចចែកចាយជំនួយនោះឡើយ ។
គួរឲ្យដឹងថា ជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានប្រញាយគ្នាដណ្តើមយកកញ្ចប់ជំនួយនៅទីក្រុងភាគខាងត្បូង Rafah ដែលស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពអ៊ីស្រាអែល ។
ឧបទ្ទេវហេតុនេះ បានកើតឡើងនៅទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបន្ធូរបន្ថយការបិទជំនួយទាំងស្រុងលើដែនដីប៉ាឡេស្ទីន នាំឲ្យមានកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ និងឱសថ ។
លោក Ajith Sunghay ប្រធានការិយាល័យសិទ្ធិមនុស្ស UN ប្រចាំដែនដីប៉ាឡេស្ទីន និយាយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ព័ត៌មានដែលពួកយើងទទួលបាន មានមនុស្សប្រហែល ៤៧នាក់ បានរងរបួសនៅក្នុងឧបទ្ទេវហេតុកាលពីថ្ងៃអង្គារ ៕