សេវាកម្មសង្រ្គោះបន្ទាន់ក្នុងតំបន់និយាយនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោច ៧នាក់ បានស្លាប់ ពេលដែលទូកជនអន្តោប្រវេសន៍មួយគ្រឿង បានលិច ខណៈពេលដែលក្រុមជួយសង្រ្គោះអមដំណើរពួកគេទៅកាន់កំពង់ផែនៅប្រជុំកោះ Canary របស់ប្រទេសអេស្ប៉ាញ ។
ទូកដែលទូរទស្សន៍រដ្ឋ TVE រាយការណ៍ថាមានផ្ទុកមនុស្សប្រហែល ១៨០នាក់ បានលិចនៅជិតកំពង់ផែស្ថិតលើកោះ El Hierro ដែលជាកោះតូចបំផុតនៃប្រជុំកោះ Canary ។
អ្នកនាំពាក្យសេវាកម្មសង្រ្គោះតាមសមុទ្រអេស្ប៉ាញ និយាយថា នាវាសង្រ្គោះ បានអមដំណើរទូកមួយគ្រឿងនេះទៅកាន់កំពង់ផែ ហើយពេលដែលវាជិតទៅដល់កំពង់ផែ អ្នកដំណើរជាច្រើននៅលើទូកមួយគ្រឿងនេះ ប្រជ្រៀតគ្នាទៅផ្នែកម្ខាងរបស់ទូក បណ្តាលឲ្យវាលិចតែម្តង ។
រូបភាពវីដេអូផ្សាយផ្ទាល់របស់ទូរទស្សន៍ TVE ឃើញទូកលិច ជះមនុស្សចូលទៅក្នុងទឹក រួមទាំងក្មេងៗផងដែរ ក្នុងនោះមនុស្សជាច្រើន បានព្យាយាមឡើងលើនាវាសង្រ្គោះនៅក្បែរនោះ ពេលដែលក្រុមនាវិកបោះពោងដល់ពួកគេ ។
លោក Alexis Ramos គឺជាអ្នកនាំពាក្យក្រុមកាកបាទក្រហមអេស្ប៉ាញនិយាយថា ក្លិបមុជទឹកក្នុងស្រុកជាច្រើនបានចុះប្រតិបត្តិការជួយសង្រ្គោះ ក្នុងនោះអ្នកជំនាញមុជទឹកគាំទ្រសេវាកម្មសង្រ្គោះបន្ទាន់ ៕