សំណុំផ្សែងខ្មៅ នៅតែហុយទ្រលោមលើរោងចក្រគីមីមួយកន្លែង នៅភាគខាងកើតប្រទេសចិន នាថ្ងៃពុធ (ទី២៨ ខែឧសភា) ពោលគឺមួយថ្ងៃបន្ទាប់ពីការផ្ទុះដ៏ធំមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ បំផ្លាញអគារ និងនាំឲ្យមានក្ដីបារម្ភ អំពីសុវត្ថិភាព នៅក្នុងចំណោមប្រជាជនដែលរស់នៅក្បែររោងចក្រនោះ។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា មនុស្ស ៦នាក់ នៅតែបាត់ខ្លួន បន្ទាប់ពីមានការផ្ទុះនៅរោងចក្រ ក្នុងទីក្រុង Gaomi នៃខេត្ត Shandong ភាគខាងកើត។ ហើយ ១៩នាក់ផ្សេងទៀត រងរបួស នៅក្នុងហេតុការណ៍នេះ។
កសិករឈ្មោះ Yu Qianming បានប្រាប់សារព័ត៌មាន Reuters ថា៖ «រោងចក្រគីមីនេះ មិនគួរនៅជិតទីនេះសោះ វានៅជិតពេកហើយ មែនទ? ជាពិសេសពេលយប់នៅពេលដែលវាដំណើរការ ក្លិនចេញពីរោងចក្រ ពិតជាខ្លាំងណាស់»។
មន្ត្រីក្នុងតំបន់ មិនទាន់ចេញលទ្ធផលនៅឡើយទេ សម្រាប់ការធ្វើតេស្តគុណភាពខ្យល់ដែលបានធ្វើឡើង កាលពីថ្ងៃអង្គារ នៅក្នុងតំបន់ជុំវិញរោងចក្រ ក្រោយការផ្ទុះនោះ ដែលមូលហេតុពិតប្រាកដមិនទាន់ដឹងនៅឡើយទេ។
កសិករវ័យ ៦៩ឆ្នាំ បាននិយាយថា រូបលោក និងប្រពន្ធ បានយកចៅរបស់ពួកគាត់ចេញទៅកន្លែងផ្សេង ក៏ដូចជាមានការប្រុងប្រយ័ត្ន នៅពេលដែលមានផ្សែងហុយលើរោងចក្រនេះ ទោះបីជាពួកគាត់មានអារម្មណ៍ថា មានសុវត្ថិភាពនៅក្នុងផ្ទះក៏ដោយ ដរាបណាខ្យល់នៅតែបក់មកពីទិសផ្សេង។
នគរបាលបានបិទផ្លូវមួយចំនួនទៅកាន់រោងចក្រនោះ។ រថយន្តបានល្បាតតាមបរិវេណនៃទីតាំងដែលលាតសន្ធឹងលើផ្ទៃដីជាង ៤៧ហិកតា ខណៈពេលដែលរូបភាពពីយានដ្រូន បានបង្ហាញពីអគារច្រើនជាន់បាក់រលំរាបដល់ដី ដោយសារការផ្ទុះនោះ៕