នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃពុធនេះថា មេក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាលោក Mohammad Sinwar ដែលជាមនុស្សចង់បានបំផុត និងជាប្អូនប្រុសរបស់មេដឹកនាំក្រុមមួយនេះដែលបានស្លាប់ទៅគឺលោក Yahya Sinwar ត្រូវបានកម្ចាត់ចោលរួចហើយ ។
កងទ័ពអ៊ីស្រាអែលបានបញ្ចេញនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣នូវវីដេអូដែលពួកគេនិយាយថា ឃើញលោក Mohammed Sinwar ដែលត្រូវជាប្អូនប្រុសរបស់អតីតមេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar ធ្វើដំណើរតាមរថយន្តឆ្លងកាត់ផ្លូវក្រោមដីនៅជិតច្រកព្រំដែន Erez ក្នុងតំបន់ហ្កាហ្សា ។
កងកម្លាំងអ៊ីស្រាអែលដែលធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស បាននិយាយថា បន្ទាប់មកពួកគេបានរកឃើញផ្លូវរូងក្រោមដីធ្វើពីដែក និងបេតុងដ៏ធំខុសពីធម្មតា ដែលត្រូវបានរចនាឡើងដើម្បីដឹកក្រុមយុទ្ធជនជីវពលចេញពីតំបន់ហ្កាហ្សា ទៅកាន់ព្រំដែន ។
ពេលបង្ហាញផ្លូវរូងក្រោមដីដល់សារព័ត៌មាន លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល បានចាត់ទុកវាថាជារឿងអាថ៌កំបាំងរបស់លោក Sinwar ហើយលោកនិយាយថា ប្រាក់រាប់លានដុល្លារត្រូវបានដាក់ទៅក្នុងផ្លូវរូងក្រោមដីនេះ ។
លោកបានបង្ហាញផងដែរ វីដេអូរបស់លោក Mohammed Sinwar អង្គុយនៅកៅអីអ្នកដំណើរនៅក្នុងរថយន្តដែលលោកនិយាយថា កំពុងបើកនៅក្នុងផ្លូវរូងក្រោមដី ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយអត្តសញ្ញាណរបស់អ្នកដំណើរ ទីតាំង ឬកាលបរិច្ឆេតពេលដែលវីដេអូមួយនេះត្រូវបានថត ៕