ឃ្លាំងរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម ត្រូវបានបំបែកចូលដោយ «ហ្វូងមនុស្សស្រេកឃ្លាន» កាលពីថ្ងៃពុធ ខណៈជំនួយ បានចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដែលកំពុងស្ថិតនៅលើមាត់ជ្រោះនៃគ្រោះទុរភិក្ស ហើយសហរដ្ឋអាមេរិក បានត្រៀមលក្ខខណ្ឌថ្មីៗសម្រាប់បទឈប់បាញ់ដែលអាចកើតមាន រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ ការបាញ់កាំភ្លើង បានផ្ទុះឡើងនៅក្នុងវីដេអូដែលទទួលបានដោយសារព័ត៌មាន Reuters ដែលបង្ហាញពីហ្វូងមនុស្សយ៉ាងច្រើនប្រញាយគ្នាដណ្តើមយកជំនួយពីក្នុងឃ្លាំង។

កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា របាយការណ៍ដំបូងបានឲ្យដឹងថាមនុស្សពីរនាក់បានស្លាប់ និងច្រើននាក់ទៀតបានរងរបួសនៅឯឃ្លាំងតំបន់ហ្កាហ្សាភាគកណ្តាល។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការបង្កើនជាបន្ទាន់នូវជំនួយស្បៀងអាហារ ដើម្បីធានាបានទៅដល់ប្រជាជនដែលកំពុងស្រេកឃ្លាន។

ក្រោមសម្ពាធអន្តរជាតិដែលកំពុងកើនឡើង អ៊ីស្រាអែល បានបញ្ចប់ការបិទផ្លូវដឹកជំនួយរយៈពេល១១ សប្តាហ៍នៅតំបន់ហ្កាហ្សាកាលពី១០ថ្ងៃកន្លងទៅនេះ ដោយបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយក្នុងចំនួនកំណត់តាមរយៈអង្គការសហប្រជាជាតិ ឬមូលនិធិមនុស្សធម៌តំបន់ហ្កាហ្សា ដែលគាំទ្រដោយសហរដ្ឋអាមេរិក។