មហាសេដ្ឋីអាមេរិក លោក Elon Musk បាននិយាយថាពេលវេលារបស់លោកដឹកនាំក្រុមការងារកាត់បន្ថយការចំណាយរបស់ប្រធានាធិបតីលោក Donald Trump ដើរមកដល់ដល់ទីបញ្ចប់ហើយ។

ក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Musk បានថ្លែងអំណរគុណដល់ លោកTrump សម្រាប់ឱកាសក្នុងការជួយគ្រប់គ្រងក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ដែលត្រូវបានគេស្គាល់ថា ដូច (Doge) ។
ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីTesla លោក Elon Musk បានប្រកាសចាកចេញពីក្រុមការងារលោក Trump ក្រោយការរិះគន់ជុំវិញការកាត់បន្ថយការចំណាយដ៏ច្រើន និងទ្រង់ទ្រាយធំក្នុងរដ្ឋាភិបាលថ្មី របស់លោក Trump។
រូបលោកត្រូវបានគេកំណត់ថាជា បុគ្គលិករដ្ឋាភិបាលពិសេស ដែលអនុញ្ញាតឱ្យលោកធ្វើការសហព័ន្ធរយៈពេល ១៣០ថ្ងៃក្នុងមួយឆ្នាំ។ គិតចាប់ពីការស្បថចូលកាន់តំណែងរបស់លោក Trump នៅថ្ងៃទី២០ ខែមករា ពេលវេលារបស់លោកនឹងអស់នៅថ្ងៃទី៣០ខែឧសភា។
លោក Musk បានសរសេរនៅលើបណ្ដាញសង្គម X កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះថា នៅពេលដែលពេលវេលាដែលបានកំណត់របស់ខ្ញុំក្នុងនាមជាបុគ្គលិករដ្ឋាភិបាលពិសេសបានមកដល់ទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រធានាធិបតី Donald Trump សម្រាប់ឱកាសដើម្បីកាត់បន្ថយការចំណាយខ្ជះខ្ជាយ។ សេតវិមានបានបញ្ជាក់ទៅកាន់ទូរទស្សន៍Fox News ថា ការបង្ហោះរបស់លោក Musk ពិតជាត្រឹមត្រូវ៕

