ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ការទទួលបាននូវវិមានកីឡដ្ឋានដ៏ស្កឹមស្កៃនៃពហុកីឡដ្ឋានមរតកតេជោនៅសង្កាត់ព្រែកតាសេក សមិទ្ធផលនេះគឺវាធំហើយ ប៉ុន្តែអ្វីដែលធំជាងនេះទៀតនោះគឺទឹកចិត្តរបស់មិត្តចិន។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការខិតខំធ្វើការជាមួយមិត្តចិនដើម្បីទទួលបាននូវសមិទ្ធផលដ៏ធំនេះដែលជាតម្រូវការសម្រាប់កម្ពុជាទទួលធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ហើយសម្ដេចថាវិមាននេះវាធំហើយប៉ុន្តែអ្វីដែលធំជាងនេះទៀតគឺទឹកចិត្តដ៏សប្បុសរបស់មិត្តចិន។
តាមរយៈជំនួយដ៏សប្បុរសនេះសម្ដេចក៏បានផ្ដាំផ្ញើតាមរយៈឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនចិនដែលបានផ្ដល់ជំនួយសម្រាប់កម្ពុជាហើយដែលជាការ ទន្ទឹងរង់ចាំរបស់កម្ពុជា។
គួរបញ្ជាក់ថាវិមានកីឡដ្ឋាន នេះបានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។
វិមានកីឡដ្ឋាននេះ ត្រូវបានសាងសង់ឡើងដោយ ក្រុមហ៊ុន China State Construction Engineering Co. Ltd ស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងពាណិជ្ជកម្មចិន។ ការសាងសង់វិមានកីឡដ្ឋាន ដ៏មហាអស្ចារ្យនេះបានប្រើប្រាស់រយៈពេល៤៨ខែ គិតចាប់ពីថ្ងៃសាងសង់ រហូតដល់ពេលបិទបញ្ចប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១៕




