មេដឹកនាំក្រុមក្រុមហ៊ួទី នៅប្រទេសយេម៉ែន លោក Abdul-Malik al-Houthi បានថ្កោលទោសចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបានដាក់គោលដៅលើអាកាសយានដ្ឋានអន្តរជាតិ សាណា(Sanaa) កាលពីថ្ងៃពុធ ទី២៨ ឧសភា បណ្តាលឱ្យមានការបំផ្លាញយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Yemenia Airways និងធ្វើឲ្យរំខានដល់ប្រតិបត្តិការ។
ក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក al-Houthi បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ក្រុមលោក ចំពោះពលរដ្ឋប៉ាឡេស្ទីន។ លោក al-Houthi និយាយថា «ការឈ្លានពានរបស់អ៊ីស្រាអែលទៅលើអាកាសយានដ្ឋានសាណា(Sanaa) នៅថ្ងៃនេះ មានគោលបំណងដាក់សម្ពាធលើគោលជំហរជាគោលការណ៍របស់ប្រទេសយើងក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានគេជិះជាន់»។
អ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅរបស់ក្រុមហ៊ួទី រួមទាំងយន្តហោះនៅសល់ចុងក្រោយដែលត្រូវបានប្រើប្រាស់ដោយក្រុមនេះ នៅអាកាសយានដ្ឋានអន្តរជាតិ Sanaa បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនៅយេម៉ែនបានបាញ់មីស៊ីលចូលទៅអ៊ីស្រាអែល កាលពីមួយថ្ងៃមុននេះ។
អាកាសយានដ្ឋាននេះ ជាអកាសយានដ្ឋានធំបំផុតនៅក្នុងប្រទេសយេម៉ែន ហើយបានដំណើរការឡើងវិញកាលពីសប្តាហ៍មុន បន្ទាប់ពីបានជួសជុលបណ្តោះអាសន្ន និងស្តារផ្លូវរត់ឡើងវិញ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលក្នុងពេលកន្លងមក។ អាកាសយានដ្ឋាននេះ ត្រូវបានប្រើប្រាស់ជាសំខាន់ដោយយន្តហោះរបស់អង្គការសហប្រជាជាតិ ហើយយន្តហោះនេះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល។ យន្តហោះចំនួនបីគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Yemenia Airways ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារកាលពីដើមខែនេះ។