កណ្ដាល៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន ស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំដែលជារចនាសម្ព័ន្ធ ថ្នាក់ខេត្ត និងស្រុក ទូទាំងខេត្តកណ្តាល នៅទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិចក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខណៈការចុះសួរសុខ និងសំណេះសំណាលនេះគឺជាលើកដំបូងបំផុតក្រោយពីព្រះអង្គត្រូវបានទទួលតំណែងជាប្រធាន ស្តីទីគណបក្សនេះ។
ជាមួយនឹងការយាងចុះសួរសុខទុក្ខ ដល់សកម្មជនរបស់ព្រអង្គនេះ ព្រះអង្គម្ចាស់ក៏ណែនាំដល់ សហជីវិន សហជីវិនី របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបំរើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនោះ។
ចំពោះមុខព្រះភ័ក្ររបស់ព្រះអង្គក្រុមការងារបោះឆ្នោត និងគណៈកម្មាធិការប្រតិបត្តិ នៃគណបក្សហ៊្វុនស៊ិនប៉ិចខេត្តកណ្តាល និងសមាជិកសមាជិកាគ្រប់លំដាប់ជាន់ថ្នាក់ទូទាំងខេត្ត ប្តេជ្ញាគាំទ្រ ដង្ហែតាមការដឹកនាំ ព្រះអង្គ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដឹកនាំបន្តពី ព្រះបិតារបស់ព្រះអង្គ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យគង់វង្សជាអមតៈ ក្នុងការចូលរួមបោះឆ្នោតប្រកបដោយសក្កានុពល ជោគជ័យនាពេលអនាគត់ខាងមុខផងដែរ៕ អត្ថបទ៖ បាន ចក់





