ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមការបោះឆ្នោតនៅមុនថ្ងៃកំណត់រយៈពេលពីរថ្ងៃ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែឧសភានេះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិ ដើម្បីជ្រើសរើសមេដឹកនាំថ្មី បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានដកចេញពីតំណែង ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា មនុស្សប្រហែល ២.៣២៨.១០៨នាក់ ឬ៥,២៤% នៃអ្នកដែលមានសិទ្ធិបោះឆ្នោតសរុប បានទៅបោះឆ្នោត។

មានការិយាល័យបោះឆ្នោតចំនួន ៣.៥៦៨កន្លែង នៅទូទាំងប្រទេស បានបើកសម្រាប់ការបោះឆ្នោតមុនថ្ងៃកំណត់ ដែលត្រូវបានអនុញ្ញាតនៅចន្លោះថ្ងៃទី ២៩-៣០ ខែឧសភា នេះ។
ថ្ងៃបោះឆ្នោត គឺនៅថ្ងៃទី៣ ខែមិថុនា ជាថ្ងៃឈប់សម្រាកសាធារណៈ ហើយការបោះឆ្នោតនឹងចាប់ផ្តើមដំណើរការពីម៉ោង ៦ព្រឹក ដល់ម៉ោង ៨យប់ម៉ោងក្នុងស្រុក ដោយការបញ្ជាក់អំពីលទ្ធផលទំនងជានឹងចាប់ផ្តើមនៅពេលល្ងាចនោះ ឬនៅពេលព្រឹកថ្ងៃបន្ទាប់។