កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្ត បានចុះពិនិត្យរៀបចំតុបតែងលម្អភ្លើងពណ៌តាមដងផ្លូវ និងសួនកំសាន្តនានាក្នុងក្រុងកំពង់ឆ្នាំង ដើម្បីត្រៀមចូលរួមពិធីអបអរសាទរឆ្លងឆ្នាំសកល ២០២១-២០២២ ក៏ដូចជាការត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។
ឯកឧត្តម សាន់ យូ អភិបាលរងខេត្តបានថ្លែងថា សព្វថ្ងៃ ខេត្តកំពង់ឆ្នាំងមានការរីកចំរើនគួរឲ្យមោទនៈ បើគិតមកដល់ចុងឆ្នាំ២០២១នេះ រួមមានវិស័យ សហគ្រាស ឧស្សាហកម្ម កាត់ដេរ ភោជនីដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ រមណីយដ្ឋាន ដោយបានបង្កើតការងារឲ្យប្រជាពលរដ្ឋ កម្មករកម្មការនីរាប់ម៉ឺននាក់ បម្រើការងារនិងមានជីវភាព ក្នុងគ្រួសារល្អប្រសើរ។
ឯកឧត្តមអភិបាលរងខេត្តបានបន្ដថា កន្លងមក ក្នុងវិស័យទេសចរណ៍ រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានអូសទាញភ្ញៀវទេសចរជាតិច្រើន ចូលមកលេងកំសាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្ត ។ ជាពិសេសនៅថ្ងៃបុណ្យឆ្លងឆ្នាំសកល២០២១-២០២២ខាងមុខនេះ គ្រប់មន្ទីរអង្គភាព និងស្ថាប័នឯកជនទាំងអស់ ក្នុងក្រុងកំពង់ឆ្នាំង បានរៀបចំពិធីឆ្លងឆ្នាំសកល ដោយមានដាក់តាំងភ្លើងពណ៌មុខស្ថាប័នរបស់ខ្លួន ការលម្អភ្លើងពណ៌តាមដងផ្លូវ រៀបចំដើមឈើគ្រឹះស្មាក់នៅមុខសាលាខេត្ត តាំងលម្អភ្លើងពណ៌នៅវិមានឯករាជ្យ និងសួនកំសាន្តនានាផងដែរ។
ឯកឧត្តមបានបន្តទៀតថា ការប្រារព្វពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ គឺរដ្ឋបាលខេត្តត្រៀមចូលរួមជាមួយប្រជាពលរដ្ឋដោយភាពអធឹកអធម និងសប្បាយរីរាយក្រៃលែង ។ ភាពសប្បាយរីករាយប្រកបដោយសុខដុមរមនាទាំងអស់នេះ គឺដោយសារប្រទេសជាតិយើង មានសុខសន្តិភាពពិតប្រាកដ ទើបមានការអភិវឌ្ឍន៍ ហើយសុខសន្តិភាពនេះ គឺបានមកពីការខឹតខំប្រឹងប្រែង ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិ នាំមកសុខសន្តិភាពពេញលេញ។ ប្រទេសជាតិមានសុខសន្តិភាពនេះហើយ ដែលធ្វើឲ្យអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ មានជំនឿ និងទុកចិត្តលើរាជរដ្ឋាភិបាល បានមកដាក់ទុនរកស៊ី នៅប្រទេសកម្ពុជា ដូច្នេះត្រូវតែចូលរួមថែរក្សាសន្តិភាព ឲ្យបានគង់វង់ជាដាច់ខាត៕ អត្ថបទ៖ ហុង វាស្នា







