ទីភ្នាក់ងារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍កាលពីថ្ងៃពុធថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នឹងបញ្ឈប់ការរ៉ាប់រងលើការថែទាំសុខភាពសម្រាប់ជនភៀសខ្លួនស៊ីរីប្រមាណ ១,៥ លាននាក់ ដែលរស់នៅក្នុងប្រទេសលីបង់ ចាប់ពីខែវិច្ឆិកាតទៅ ដោយសារការធ្លាក់ ចុះយ៉ាងខ្លាំងនូវមូលនិធិរបស់ម្ចាស់ជំនួយ។

ការសម្រេចចិត្តនេះ ត្រូវបានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំរវាងគណៈប្រតិភូ UNHCR ដែលដឹកនាំដោយតំណាងទីភ្នាក់ងារ នៅក្នុងប្រទេសលីបង់លោក Ivo Freijsen និងរដ្ឋមន្ត្រីសុខាភិបាលលីបង់លោក Rakan Nassereldine។

លោក Freijsen បាននិយាយថា ការសម្រេចនេះពាក់ព័ន្ធនឹងការបង្កើនការគាំទ្រជាបណ្តើរៗសម្រាប់មជ្ឈមណ្ឌលថែទាំសុខភាពបឋមមួយចំនួន ដោយលើកឡើងពីវិភាគទានដែលកំពុងថយចុះពីម្ចាស់ជំនួយអន្តរជាតិ។
ជាការឆ្លើយតប លោក Nassereldine បានជំរុញឲ្យសហគមន៍អន្តរជាតិ រក្សាការប្តេជ្ញាចិត្តមនុស្សធម៌របស់ខ្លួន ចំពោះប្រជាជនដែលងាយរងគ្រោះ។
យោងតាមលោក Nassereldine បានឲ្យដឹងថា ប្រទេសលីបង់បានឃើញរលកថ្មីនៃការផ្លាស់ទីលំនៅតិចជាងបីខែមុន ដែលរក្សាចំនួនជនភៀសខ្លួនខ្ពស់យ៉ាងខ្លាំងទាក់ទងទៅនឹងទំហំរបស់ប្រទេសលីបង់ និងសមត្ថភាពនៃប្រព័ន្ធសុខាភិបាលរបស់ខ្លួន ក្នុងការទទួលបន្ទុកធំបន្ថែមទៀត។
លោកក៏បានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់ UNHCR ក្នុងការធ្វើការជាមួយប្រទេសលីបង់ និងតួអង្គអន្តរជាតិផ្សេងទៀត ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលធានាបាននូវការបន្តទទួលបានការថែទាំសុខភាពសម្រាប់ជនភៀសខ្លួន ជាពិសេសតាមរយៈការគាំទ្រដល់មណ្ឌលសុខភាពបឋម។