អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពង្រឹងប្រសិទ្ធភាពទប់ស្កាត់ការនាំចូលផលិតផលសម្រេច និងផលិតផលជិតសម្រេច របស់គម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឱ្យការនាំចេញ។
យោងតាមលិខិតលេខ ៤៦៨២ សហវ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពង្រឹងប្រសិទ្ធ- ភាពការគ្រប់គ្រងអនុលោមភាពលើការនាំចូលធាតុចូល ផលិតកម្មសម្រាប់បម្រើឱ្យខ្សែច្រវាក់ផលិតកម្ម របស់គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់, លិខិតលេខ ២០១៣/២៥ អគរ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីការពង្រឹង ប្រសិទ្ធភាពការគ្រប់គ្រងអនុលោមភាព លើការនាំចូលធាតុចូលផលិតកម្ម សម្រាប់បម្រើឱ្យខ្សែច្រវាក់ផលិតកម្ម របស់គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.)។
ដើម្បីទប់ស្កាត់ការនាំចូលផលិតផលសម្រេច និងផលិតផលជិតសម្រេច ក្នុងគោលបំណងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេស ទៅកាន់សហរដ្ឋអាមេរិក, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការណែនាំបន្ថែមមួយចចំនួនដូចជា៖ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យរូបវន្ត លើការនាំចូលធាតុចូលផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គ.ល.គ. ដែលផលិតសម្រាប់ នាំចេញទៅទីផ្សារសហរដ្ឋអាមេរិក, ករណីរកឃើញបទល្មើស ត្រូវឃាត់ទុកនិងបន្តនីតិវិធីជាធរមានសម្រាប់ទំនិញល្មើស។
ដោយឡែកចំពោះទំនិញផ្សេងទៀត ដែលស្របតាមការប្រកាស ត្រូវសម្រួលជាអតិបរមាដល់ធុរជន ក្នុងការយកទំនិញទៅបម្រើខ្សែ ច្រវាក់ផលិតកម្ម៕ អត្ថបទ៖ សុន រ៉ាឌី
