អធិការបតីអាល្លឺម៉ង់លោក Friedrich Merz កាលពីថ្ងៃពុធ បានសន្យាថា នឹងជួយអ៊ុយក្រែន ក្នុងការអភិវឌ្ឍប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយផ្ទាល់ខ្លួនរបស់ខ្លួន ដែលនឹងគ្មានដែនកំណត់ ដែលកំណត់ដោយលោកខាងលិចលើការប្រើប្រាស់និងគោលដៅរបស់ពួកគេ នៅពេលដែលរដ្ឋាភិបាលក្រុងគីវ ប្រយុទ្ធដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ប្រព័ន្ធសព្វាវុធទំនើបៗមួយចំនួន ដែលសម្ព័ន្ធមិត្ត បានផ្គត់ផ្គង់ដល់អ៊ុយក្រែន ក្នុងអំឡុងសង្គ្រាមរយៈពេល ៣ឆ្នាំ គឺស្ថិតនៅក្រោមការរឹតបន្តឹងលើរយៈចម្ងាយនិងគោលដៅ ដែលជាបញ្ហានយោបាយដ៏អាក្រក់ ដែលផ្តើមចេញពីការភ័យខ្លាចថា ប្រសិនបើអាវុធវាយប្រហារចូលជ្រៅក្នុងប្រទេសរុស្ស៊ី វិមានក្រឹមឡាំងអាចនឹងសងសឹកនឹងប្រទេសដែលផ្តល់ឲ្យពួកគេ និងទាញអង្គការណាតូចូលទៅក្នុងជម្លោះដ៏ធំបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២។

ដោយឈរនៅក្បែរប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) លោក Merz បាននិយាយថា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការកាន់តែខ្លាំង អាល្លឺម៉ង់ នឹងខិតខំបំពាក់ឲ្យកងទ័ពអ៊ុយក្រែនជាមួយនឹងសមត្ថភាពទាំងអស់ ដែលអាចឲ្យពួកគេការពារប្រទេសនេះដោយជោគជ័យ រួមទាំងការធ្វើឲ្យប្រសើរឡើងនូវការផលិតមីស៊ីលក្នុងស្រុក។
បន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់គឺជាអ្នកផ្គត់ផ្គង់ជំនួយយោធាធំបំផុត ដល់អ៊ុយក្រែន។
លោក Merz បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយថា៖«អ៊ុយក្រែននឹងអាចការពារខ្លួនបានពេញលេញ រួមទាំងប្រឆាំងនឹងគោលដៅយោធា នៅខាងក្រៅទឹកដីរបស់ខ្លួន» ជាមួយនឹងមីស៊ីលផ្ទាល់ខ្លួន។