យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានរបស់ខ្លួនម្នាក់ ដែលឈរជើងនៅអង្គភាពជួរមុខ ក្បែរព្រំដែនអន្តរកូរ៉េ បានបាញ់កាំភ្លើងយន្តដោយចៃដន្យ ទៅកាន់ប្រទេសកូរ៉េខាងជើង កាលពីដើមសប្តាហ៍នេះ ដែលជំរុញឲ្យកងទ័ពធ្វើការផ្សាយតាមរលកធាតុអាកាស ដើម្បីជូនដំណឹងដល់កូរ៉េខាងជើងអំពីឧបទ្ទវហេតុនេះ។

យោធាបាននិយាយថា ទាហានរូបនេះ បានច្រឡំបាញ់កាំភ្លើងយន្តធុន K6 ចំនួនមួយគ្រាប់ចេញពីអង្គភាពក្រៅប៉ុស្តិ៍ជួរមុខទូទៅ ក្នុងទីក្រុង Yangju មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រភាគខាងជើងទីក្រុងសេអ៊ូល នៅម៉ោងប្រហែល ៥ ល្ងាច។

លោក Yang Seung-kwan អ្នកនាំពាក្យរបស់អគ្គសេនាធិការចម្រុះ (JCS) បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា៖«អង្គភាពរៀងៗខ្លួន បានធ្វើការផ្សាយតាមរលកធាតុអាកាសភ្លាមៗ ទៅកាន់កូរ៉េខាងជើង ដើម្បីជូនដំណឹងអំពីឧបទ្ទវហេតុនេះ ហើយរហូតមកដល់ពេលនេះ មិនមានចលនាខុសពីធម្មតាណាមួយដោយយោធាកូរ៉េខាងជើង ត្រូវបានគេឃើញនោះទេ»។
ឧប្បត្តិហេតុកាលពីថ្ងៃពុធ បានកើតឡើងប្រហែលមួយខែ បន្ទាប់ពីទាហានកូរ៉េខាងត្បូងម្នាក់ បានច្រឡំបាញ់កាំភ្លើងធំធុន K6 ចំនួនមួយគ្រាប់ ចេញពីប៉ុស្តិ៍យាមមួយ នៅខាងក្នុងតំបន់គ្មានយោធា ដែលខ័ណ្ឌចែក កូរ៉េទាំងពីរ ក្នុងតំបន់ Cheorwon មានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីនេះ។
លោក Yang ដែលជាមន្ត្រីនៃអគ្គសេនាធិការចម្រុះ បាននិយាយថា យោធាបានបើកការស៊ើបអង្កេតលើករណីនេះ ហើយនឹងពិនិត្យមើលវិធានការ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះ។