ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប ( EU) លោកស្រី Kaja Kallas បាននិយាយថា សហភាពអឺរ៉ុប មានបំណងគ្រប់គ្រងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ នៅក្នុងសមុទ្រខ្មៅ ដោយមានការចូលរួមពីរដ្ឋទាំងអស់នៃតំបន់នេះ លើកលែងតែប្រទេសរុស្ស៊ី ដោយបានបង្ហាញនៅក្នុងទីក្រុងប្រ៊ុចសែលនូវអ្វីដែលគេហៅថា យុទ្ធសាស្ត្រថ្មីរបស់សហភាពអឺរ៉ុបសម្រាប់តំបន់សមុទ្រខ្មៅ ដែលមានសុវត្ថិភាព វិបុលភាព និងភាពធន់ ដែលត្រូវបានបង្កើតឡើងដោយគណៈកម្មការអឺរ៉ុប។

លោកស្រី Kallas បានចង្អុលបង្ហាញថា៖«សន្តិសុខនៃសមុទ្រខ្មៅ មានសារៈសំខាន់ចំពោះសន្តិសុខអឺរ៉ុប» ដោយបន្ថែមថា មជ្ឈមណ្ឌលសន្តិសុខសមុទ្រខ្មៅ នឹងពង្រឹងសន្តិសុខដែនសមុទ្ររបស់តំបន់ ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងរួមចំណែកដល់ការពារបរិស្ថានសមុទ្រ។
យោងតាមប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបរូបនេះបានឲ្យដឹងថា អ្នកចូលរួមនៅក្នុងក្រុមចម្រុះនេះ គួរតែចូលរួមក្នុងការរៀបចំការល្បាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការត្រួតពិនិត្យសកម្មភាពដឹកជញ្ជូន និងកំពង់ផែ ក្នុងចំណោមកិច្ចការផ្សេងៗទៀត។

លោកស្រីក៏បានទទួលស្គាល់ថា ការទទួលខុសត្រូវមួយក្នុងចំណោមការទទួលខុសត្រូវរបស់មជ្ឈមណ្ឌលនេះ គឺត្រូវតាមដានចលនានៃនាវាដឹកប្រេងរបស់រុស្ស៊ី ដែលដឹកជញ្ជូនប្រេង និងផលិតផលប្រេង ក្រោមកិច្ចសន្យាទីផ្សារ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់ EU ក្នុងការដាក់កម្រិតតម្លៃលើពួកគេក៏ដោយ។