ខ្សែបម្រើអេស្ប៉ាញ Martin Zubimendi បានឈានដល់កិច្ចព្រមព្រៀង និងឈានដល់ដំណាក់កាលពិនិត្យសុខភាពហើយ ក្នុងការផ្ទេរមកកាន់កាំភ្លើងធំ Arsenal ក្នុងតម្លៃ ៥១ លានផោន។
ប្រភពជិតស្និតនឹង Arsenal ឱ្យដឹងថា មិនមានអ្វីជាឧបសគ្គឡើយក្នុងការដំណើរការនៃកិច្ចសន្យានេះ ខណៈកិច្ចសន្យាត្រូវបានគេរំពឹងថានឹងមានរយៈពេល ៥ ឆ្នាំនៅកីឡដ្ឋាន Emirate។
Arsenal ត្រូវបានគេដឹងថា ចាប់អារម្មណ៍ និងធ្វើទំនាក់ទំនងទៅកាន់កីឡាករវ័យ ២៦ ឆ្នាំរូបនេះច្រើនខែមកហើយ មុនឈានដល់កិច្ចព្រមព្រៀងនៅពេលនេះ។
Martin Zubimendi គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ Real Sociedad ផ្ទាល់ និងបានឡើងមកលេងក្រុមធំនៅឆ្នាំ ២០១៩។
Zubimendi មានតួនាទីលេងនៅតំបន់បម្រើការពារដូចគ្នានឹង Thomas Partey តែអ្នកចាត់ការ Mikel Arteta ក៏នៅតែត្រូវការ Thomas Partey ខណៈដែលក្លិបកំពុងចរចាក្នុងការបន្តកិច្ចសន្យាជាមួយកីឡាករហ្កាណារូបនេះ។
បច្ចុប្បន្ន Arsenal កំពុងចរចាជាមួយកីឡាករក្នុងក្រុមក្នុងការបន្តកិច្ចសន្យាថ្មីដូចជា Bukayo Saka, Williams Saliba, Gabriel, Leandro Trossard, Myles Lewis-Skelly និង Ethan Nwaneri។
ក្រោពី Martin Zubimendi, Arsenal ក៏កំពុងស្វែងរកខ្សែប្រយុទ្ធកណ្តាលថ្មី ហើយជម្រើសជួរមុនគឺ Benjamin Sesko និង Viktor Gyokeres៕
អត្ថបទ៖នាង សុភាវុធ