ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ជំនួយដ៏ធំរបស់មិត្តចិន បានជួយដល់ការពង្រឹងឯករាជ្យអធិបតេយ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ ហើយ សម្តេចសង្ឃឹមថា ទំនាក់ទំនងនេះ មិនមានអ្នកណាផ្សេងតម្រង់ឆ្ពោះ មកដាក់ទណ្ឌកម្មលើកម្ពុជាឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងពិធីរាប់ថយក្រោយ៥០២ថ្ងៃដំណើរឆ្ពោះទៅស៊ីហ្គេម២០២៣ នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះ សម្តេចតេជោ បានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយមិត្តចិន ដែលមានប្រវត្តិតាំងពីអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ បន្តរហូតមកដល់សព្វថ្ងៃ កាន់តែរឹងមាំ ដូចប្រធានាធិបតីចិន ស៊ី ជិនពីង បានលើកឡើងថា ជាមិត្តដែកថែប និងគ្មានអ្នកណាបំបែកបាន។
វិមានកីឡដ្ឋាននេះ គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
វិមានកីឡដ្ឋាននេះ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាននេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ ដោយបានសាងសង់លើទំហំផ្ទៃដីប្រមាណជាង១៦ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ ជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំ ខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជានាឆ្នាំ២០២៣៕
អត្ថបទ៖ មុត សុទ្ធ




