អ្នកការពារជើងឯក Grand Slam, French Open កីឡាករអេស្ប៉ាញ Carlos Alcaraz បានឆ្លងផុតជុំទីពីរហើយ ក្រោយយកឈ្នះគូប្រកួតសញ្ជាតិហុងគ្រី Fabian Marozsan ៦-១ ៤-៦ ៦-១ និង ៦-២។
Alcaraz ធ្លាប់ចាញ់ Marozsan ម្តងនៅទីក្រុងរ៉ូមពីរឆ្នាំមុន ហើយលើកនេះក៏ត្រូវកីឡាករហុងគ្រីរូបនេះបង្អាក់នៅសិតទីពីរផងដែរ មុនពេលកីឡាករវ័យ ២២ ឆ្នាំអេស្ប៉ាញរក្សាលំនឹងនៃការចេញសេវារបស់ខ្លួនយកឈ្នះពីរសិតចុងក្រោយ។
ជុំបន្ត Carlos Alcaraz នឹងត្រូវជួបជាមួយកីឡាករបូស្នៀ Damir Dzumhur។
ចំណែកឯជើងឯករងពីរលើក Casper Ruud បានធ្លាក់ចេញពីការប្រកួតត្រឹមជុំទីពីរក្រោយចាញ់កីឡាករព័រទុយហ្កាល់ Nuno Borges។
Ruud បានយកឈ្នះសិតដំបូង ៦-២ មុនពេលដែល Nuno Borges វាយបកយកឈ្នះវិញបីសិតផ្ទួនៗ ៦-៤ ៦-១ និង ៦-០ ខណៈដែលកីឡាករន័រវេស Casper Ruud មានបញ្ហារបួសកំភួនជើងនៅសិតទីបី។
រីឯកីឡាករអ៊ីតាលី Lorenzo Musetti មិនមានបញ្ហាឡើយក្រោយយកឈ្នះកីឡាករកូឡុំប៊ី Daniel Galan ដើម្បីបន្តជួបកីឡាករអាហ្សង់ទីន Mariano Navone។
ងាកមកការប្រកួតផ្នែកនារីវិញ ជើងឯករងឆ្នាំមុន Jasmine Paolini ក៏បានបន្តដំណើរទៅជុំទីបីផងដែរក្រោយជ័យជំនះពីរសិតផ្ទួនៗ ៦-៣ និង ៦-៣ លើកីឡាករអូស្រ្តាលី Ajla Tomljanovic។
ម្ចាស់មេដាយមាសអូឡាំពិក កីឡាការិនីចិន Zheng Qinwen យកឈ្នះកីឡាការិនីកូឡុំប៊ី Emiliana Arango បន្តជួបកីឡាការិនីកាណាដា Victoria Mboko ខណៈដែលកីឡាការិនីបារាំង Amanda Anisimova យកឈ្នះកីឡាការិនីស្វ៊ីស Viktoria Golubic ៦-០ និង ៦-២ ប្រើពេលត្រឹម ៥៥ នាទី៕
អត្ថបទ៖នាង សុភាវុធ