ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃពុធ (ទី២៨ ខែឧសភា) បាននិយាយថា ការមិនអញ្ជើញឲ្យអ៊ុយក្រែនចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនាពេលខាងមុខ នឹងមានន័យថា នេះគឺជាជ័យជម្នះរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin លើសម្ព័ន្ធភាពយោធា។
លោក Zelenskyy បាននិយាយនៅមុននោះថា ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte ចង់ឲ្យអ៊ុយក្រែនចូលរួមកិច្ចប្រជុំកំពូលនេះ។ តែទោះយ៉ាងណាក្ដី វានៅតែមិនទាន់ច្បាស់ទេថា តើទីក្រុងគីវ នឹងត្រូវបានអញ្ជើញឲ្យចូលរួមដែរ ឬយ៉ាងណា។

អំឡុងសន្និសីទសារព័ត៌មានជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅទីក្រុងប៊ែរឡាំង លោក Zelenskyy បានប្រាប់ថា៖ «ប្រសិនបើអ៊ុយក្រែនមិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូទេនោះ វានឹងក្លាយជាជ័យម្នះរបស់លោក Putin ប៉ុន្តែមិនមែនលើអ៊ុយក្រែននោះទេ ប៉ុន្តែគឺលើអង្គការណាតូ។ ដូច្នេះ វាអាស្រ័យលើការសម្រេចពីដៃគូរបស់យើង»។
ចំណែកលោក Merz វិញ បាននិយាយថា ទីក្រុងប៊ែរឡាំង នឹងជួយទីក្រុងគីវអភិវឌ្ឍអាវុធរយៈចម្ងាយឆ្ងាយថ្មី ដែលអាចវាយប្រហារគោលដៅនានា ក្នុងដែនដីរុស្ស៊ី។ ដោយមិនបញ្ចេញឈ្មោះក្រុមហ៊ុនផលិតដែលពាក់ព័ន្ធ លោក Merz បានប្រាប់ថា៖ «រដ្ឋមន្ត្រីការពារជាតិរបស់យើងនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា នៅថ្ងៃនេះ ទាក់ទងនឹងការទិញប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយដែលផលិតដោយអ៊ុយក្រែន»។
លើសពីនោះទៀត លោកបានបញ្ជាក់បន្ថែមថា៖ «នឹងមិនមានការរឹតបន្តឹងរយៈចម្ងាយទៀតទេ ជាការសម្រេចដែលអនុញ្ញាតឲ្យអ៊ុយក្រែនការពារខ្លួនបានពេញលេញ សូម្បីតែអាចប្រឆាំងនឹងគោលដៅយោធា នៅខាងក្រៅដែនដីរបស់ខ្លួន»៕
