កាលពីថ្ងៃពុធ (ទី២៨ ខែឧសភា) ទស្សនាវដ្តីព័ត៌មានអាល្លឺម៉ង់ Der Spiegel និង NGO Danwatch ដែលជាអង្គភាពស៊ើបអង្កេតរបស់ប្រទេសដាណឺម៉ាក បានឲ្យដឹងថា ពួកគេមានឯកសារចំនួន ២លានច្បាប់ដែលបង្ហាញពីការធ្វើឲ្យប្រសើរឡើង និងការពង្រីកនូវមូលដ្ឋានអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីយ៉ាងទូលំទូលាយ។ ក្នុងចំណោមឯកសារដែលបែកធ្លាយនោះ មានប្លង់មេរាប់រយនៃមូលដ្ឋានមីស៊ីលនុយក្លេអ៊ែរដែលត្រូវបានការពារយ៉ាងខ្លាំងក្លាបំផុតចំនួន ២ របស់រុស្ស៊ី។
ដោយមានទីតាំងនៅជិតទីក្រុង Yasny ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ក្បែរភ្នំ Ural និងជិតព្រំដែនជាមួយប្រទេសកាហ្សាក់ស្ថាន មូលដ្ឋានទាំង ២ នេះ គឺជាផ្នែកមួយនៃស្ថាបត្យកម្មនុយក្លេអ៊ែររបស់រុស្ស៊ី។ នៅឆ្នាំ២០១៩ មូលដ្ឋានទាំងនេះបានទទួលអាវុធល្បឿនលឿនជាងសំឡេង Avangard ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ។

ដោយត្រូវបានប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលមានសុន្ទរកថា ស្តីពីការធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស អាវុធទាំងនេះត្រូវបានបាញ់បង្ហោះដោយឧបករណ៍ជំរុញគ្រាប់រ៉ូកែត ដែលបន្ទាប់មកពួកវាបំបែកចេញពីគ្នា ហើយហោះដោយមិនមានថាមពល ក្នុងល្បឿនលឿនបំផុតឆ្ពោះទៅរកគោលដៅ។ តាមសេចក្ដីរាយការណ៍ អាវុធនេះបាញ់បានចម្ងាយ ៦.០០០គីឡូម៉ែត្រដែលអាចឲ្យពួកវាវាយលុករដ្ឋធានីអឺរ៉ុបណាមួយពីទីក្រុង Yasny របស់រុស្ស៊ី។
យោងតាមរូបភាពពីផ្កាយរណប បានបង្ហាញថា មូលដ្ឋានទាំង ២ ត្រូវបានពង្រីក ក្នុងទសវត្សរ៍ចុងក្រោយនេះ ហើយវិធានការការពារ ត្រូវបានពង្រឹងគួរឲ្យកត់សម្គាល់ ដែលរួមមានទាំងការបន្ថែមកាំភ្លើងយន្តបញ្ជាពីចម្ងាយ ជើងទម្របាញ់គ្រាប់បែកស្វ័យប្រវត្តិ និងសូម្បីតែប្រព័ន្ធការពារអាកាស។
តែយ៉ាងណាក្ដី សារព័ត៌មាន Sandboxx News មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវប្លង់មេទាំងនេះបានទេ។ ហើយក្រសួងការពារជាតិរុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយអ្វី ជុំវិញការលេចធ្លាយព័ត៌មានដ៏ធំនេះ ឬអំពីសារៈសំខាន់របស់វានៅឡើយទេ៕
