ការផ្ទុះឡើងនៃជំងឺអាសន្នរោគ នៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់ បានសម្លាប់មនុស្សចំនួន ៧០នាក់ ក្នុង រយៈពេល ពីរថ្ងៃ ខណៈដែលទីក្រុងខាទុំ ( Khartoum) កំពុងប្រយុទ្ធប្រឆាំងនឹងមេរោគដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនេះ ចំពេលមានការដួលរលំនៃសេវាមូលដ្ឋាន។
ក្រសួងសុខាភិបាលនៃរដ្ឋខាទុំ បាននិយាយថា ខ្លួនបានកត់ត្រាករណីឆ្លងថ្មីចំនួន ៩៤២ករណី និងមនុស្ស ចំនួន ២៥នាក់ បានស្លាប់ កាលពីថ្ងៃពុធ បន្ទាប់ពីមានករណីឆ្លងចំនួន ១.១៧៧ ករណី និងមនុស្សចំនួន ៤៥នាក់ បានស្លាប់ កាលពីថ្ងៃអង្គារ។

ការកើនឡើងនៃការឆ្លងកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីការវាយប្រហារដោយយានដ្រូនដែលបានស្តីបន្ទោសលើកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) បានផ្តាច់ការផ្គត់ផ្គង់ទឹកនិងអគ្គិសនី នៅទូទាំងរដ្ឋធានីនេះ។
រដ្ឋាភិបាលដែលគាំទ្រដោយកងទ័ព បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានបណ្តេញយុទ្ធជនរបស់ RSF ចេញពីទីតាំងចុងក្រោយរបស់ពួកគេ ក្នុងរដ្ឋខាទុំ រយៈពេលពីរខែបន្ទាប់ពីការដណ្តើមយកបានភាគ កណ្តាលនៃរដ្ឋធានីនេះ ពីទាហានប៉ារ៉ាវិញ។
ទីក្រុងខាទុំដ៏ធំនេះ ធ្លាប់ជាសមរភូមិប្រយុទ្ធ រយៈពេលពីរឆ្នាំមុន ហើយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ។
