អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Alexander Grushko បានប្រាប់សារព័ត៌មាន Izvestia dailyថា ក្រុមរដ្ឋអឺរ៉ុបអាចចូលរួមក្នុងការបង្កើតប្រព័ន្ធសន្តិសុខថ្មីមួយ នៅអឺរ៉ុបអាស៊ី។
លោកបានចង្អុលបង្ហាញថា៖«សហព័ន្ធរុស្ស៊ី រួមនឹងប្រទេសដែលមានគំនិតដូចគ្នា បានចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្កើតរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបអាស៊ីថ្មី ។ លោកបានបន្ថែមថា៖«ទន្ទឹមនឹងនោះ យើងជឿថា ដោយសារពួកគេនិយាយអំពីអឺរ៉ុបអាស៊ី ប្រព័ន្ធនេះ ក៏គួរតែពាក់ព័ន្ធនឹងប្រទេសនៃតំបន់អឺរ៉ុបបច្ចុប្បន្នដែរ»។

យោងតាមលោក Grushko បានឲ្យដឹងថា កត្តាជំរុញនៃកំណើនសេដ្ឋកិច្ច និងឥទ្ធិពលនយោបាយ កំពុងផ្លាស់ប្តូរទៅទិសបូព៌ា ខណៈពេលដែលអង្គការណាតូ និងសហភាពអឺរ៉ុប លែងដើរតួនាទីជាមជ្ឈមណ្ឌលធ្វើការសម្រេចចិត្តទៀតហើយ។
ប្រមុខការទូតរូបនេះ បានបញ្ជាក់ថា៖«បណ្តាប្រទេស និងមេដឹកនាំ ដែលនឹងយល់ពីទិសដៅនៃការអភិវឌ្ឍ ដ៏សំខាន់នៃទំនាក់ទំនងអន្តរជាតិ ជាក់ស្តែង នឹងដឹងថា ការនៅសល់នៅខាងក្រៅដំណើរការអឺរ៉ុបអាស៊ី គឺមិនអំណោយផលចំពោះស្ថានភាពសេដ្ឋកិច្ច នយោបាយ និងកត្តាផ្សេងទៀតរបស់ពួកគេ»។
