ភ្នំពេញ៖ ដូចការគ្រោងទុក នៅថ្ងៃទី១៨ ខែធ្នូនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា មានជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ប្រមុខការទូតថៃ ជុំវិញទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ។
មុនជំនួបទ្វេភាគីឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ បានកំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលឯកឧត្តមរដ្ឋមន្រ្តីការបរទេសថៃបានអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១។
ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា» ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និងពិភាក្សាលើទិដ្ឋភាពនានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបតិ្តកូវីដ-១៩។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃ ប្រគល់ជូនមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យមង្គលបូរី នៃខេត្តបន្ទាយមានជ័យ និងបិទបញ្ចប់កម្មវិធីដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា។
តាមរយៈជំនួបទ្វេភាគីជាមួយរវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាមួយរដ្ឋមន្រ្តីការបរទេសថៃ ភាគីទាំងពីរមានការពិភាក្សាអំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២ផងដែរ ។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះមានបណ្តាប្រមុខការទូតនៃបណ្តាប្រទេសរបស់អាស៊ាន និងឥស្សរជនជនមកពីអឺរ៉ុប បានបំពេញទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ខាងមុខ៕
អត្ថបទ៖ សេក ឧត្តម