សារព័ត៌មានក្នុងស្រុក News1 បានរាយការណ៍ថា មនុស្ស ២នាក់ ត្រូវបានគេរកឃើញថា ស្លាប់ បន្ទាប់ពីយន្តហោះល្បាតដែនសមុទ្ររបស់កូរ៉េខាងត្បូង បានធ្លាក់នៅជិតមូលដ្ឋានយោធាមួយកន្លែង នៅទីក្រុង Pohang ភាគខាងត្បូង នាថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) នេះ។ មានមនុស្ស ៤នាក់នៅលើយន្តហោះនោះ។

កងទ័ពជើងទឹកកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការធ្លាក់នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១:៤៣រសៀល ម៉ោងក្នុងស្រុក។ សេចក្ដីថ្លែងការណ៍បានបន្ថែមថា កងទ័ពជើងទឹកកំពុងព្យាយាមបញ្ជាក់ពីមូលហេតុនៃឧបទ្ទវហេតុនេះ ព្រមទាំងចំនួនអ្នកស្លាប់ និងរបួស។
នៅមុននេះ ដោយដកស្រង់សម្តីរបស់អាជ្ញាធរ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា យន្តហោះនោះបានធ្លាក់ក្នុងតំបន់ភ្នំ នៅឆ្នេរភាគខាងកើត។ ដោយដកស្រង់សម្ដីរបស់សាក្សីស៊ីវិលម្នាក់ សារព័តមាននេះបានឲ្យដឹងបន្ថែមថា ផ្សែងត្រូវបានគេមើលឃើញពីទីតាំងដែលទំនងជាយន្តហោះបានធ្លាក់៕
