កាលពីថ្ងៃពុធម្សិលមិញ អ៊ីស្រាអែលបាននិយាយការពារដល់យុទ្ធនាការសឹករបស់ពួកគេនៅតំបន់ហ្កាហ្សា ស្របពេលមានការរិះគន់អន្តរជាតិកើនឡើង ហើយនិងការធ្វើសក្ខីកម្មនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ពីគ្រូពេទ្យវះកាត់ម្នាក់របស់សហរដ្ឋអាមេរិកដែលបានរៀបរាប់ពីការទទួលទុក្ខវេទនារបស់ជនស៊ីវិល និងបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថា បានបំពានជាប្រព័ន្ធលើច្បាប់មនុស្សធម៌ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្រៅអគារក្រុមប្រឹក្សាសន្តិសុខ UN ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅ UNលោក Danny Danon បានច្រានចោលការអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារ ហើយលោកនិយាយថា រដ្ឋាភិបាលអ៊ីស្រាអែលនៅតែបន្តប្តេជ្ញាចិត្តចំពោះការទទួលបានការដោះលែងចំណាប់ថ្នូរដែលឃុំឃាំងដោយក្រុមហាម៉ាស ។

ពាក់ព័ន្ធនឹងចំណាប់ថ្នូរឃុំឃាំងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា លោក Danon និយាយថា ពួកយើងមិនបញ្ចប់សង្រ្គាមមួយនេះដោយទុកចោលមនុស្ស ៥៨នាក់នោះទេ ។ មាននូវគ្រួសារច្រើនណាស់រង់ចាំពួកគេ ហើយពួកយើងប្តេជ្ញាចិត្តបញ្ចប់សង្រ្គាមមួយនេះ ដោយប្រាកដថា ចំណាប់ថ្នូរសេសសល់ទាំងអស់ ត្រូវតែត្រឡប់មកវិញ ហើយក្រុមហាម៉ាសត្រូវតែចាញ់ហ្គេមសង្រ្គាមមួយនេះ ។
នៅក្នុងអគារក្រុមប្រឹក្សាសន្តិសុខ UN លោកវេជ្ជបណ្ឌិត Feroze Sidhwa គឺជាគ្រូពេទ្យវះកាត់មកពីរដ្ឋ California ដែលបានធ្វើការនៅតំបន់ហ្កាហ្សាចាប់ពីថ្ងៃទី ២៥ ខែមីនា ដល់ថ្ងៃទី ៨ ខែមេសាឆ្នាំមុនបានផ្តល់រឿងរ៉ាវដ៏គួររន្ធត់ខ្លោចផ្សាមួយដែលលោកបានមើលឃើញ ។
លោកនិយាយថា ភាគច្រើននៃអ្នកជំងឺរបស់លោកគឺជាកុមារក្មេងៗដែលរងរបួសធ្ងន់ធ្ងរដោយការត្រូវគ្រាប់ ។
លោក Sidhwa និយាយប្រាប់ក្រុមប្រឹក្សាថា ភាគច្រើននៃអ្នកជំងឺរបស់លោកគឺជាក្មេងៗមិនទាន់ពេញវ័យ ខ្លួនប្រាណរបស់ពួកគេពោពេញដោយរបួសត្រូវគ្រាប់ និងចំណាំងដែកហោះ ។ លោកបានព្យាបាលក្មេងៗ ១៣នាក់ដែលត្រូវគេបាញ់ចំក្បាល ឬដើមទ្រូង ។ នេះគឺជាគ្រោះថ្នាក់បង្កើតឡើងដោយសារមនុស្ស ។ វាគួរតែត្រូវបានការពារទាំងស្រុង ។ ក្មេងៗទាំងអស់នោះ បានសួរទៅលោកថា តើហេតុអ្វីបានជាពួកគេមិនស្លាប់ទៅជាមួយគ្រួសាររបស់ពួកគេបែបនេះទៅវិញ? ៕

