ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន នឹងដាក់ជូនគម្រោងសិក្សា ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង ទៅរដ្ឋាភិបាលរបស់ខ្លួនពិនិត្យ នឹងសម្រេច ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់ការអនុវត្តគម្រោងនេះ នៅក្នុងឆ្នាំ២០២២ ។
លោក Yoichi Inoue ប្រធានក្រុមបេសកកម្មរបស់ទីភ្នាក់ងារ JICA តូក្យូ លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថា ចំពោះ លទ្ធផលនៃការសិក្សារបស់គម្រោងពង្រីកសមត្ថភាព ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង គឺបានបញ្ចប់ជាស្ថាពរ ព្រមទាំងបាន ពិភាក្សាជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពីលទ្ធផលនៃការសិក្សាចុងក្រោយ និងភារកិច្ចទទួលខុស ត្រូវរបស់ភាគីកម្ពុជា ក្នុងក្របខណ្ឌគម្រោងរួចរាល់ ក្នុងនោះតាមរបាយការណ៍នៃការសិក្សានេះ JICA នឹងដាក់ជូនទៅរដ្ឋាភិបាលជប៉ុន ពិនិត្យ និងសម្រេច ក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់ការអនុវត្តគម្រោង នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។
ចំពោះការធ្វើបច្ចុប្បន្នភាពផែនការឆ្នាំ២០២១-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោកប្រធានក្រុមបេសកកម្ម បានបន្តឲ្យដឹងថា បច្ចុប្បន្នការសិក្សាគឺបានបញ្ចប់សេចក្តីព្រាងរបាយការណ៍ហើយ ព្រមទាំងបានពិភាក្សាជាមួយជាមួយរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញរួចរាល់ផងដែរ, ក្នុងនោះសម្រាប់ជំហានបន្ទាប់ ទីប្រឹក្សាបច្ចេកទេស នឹងបញ្ចប់របាយការណ៍សិក្សាជាស្ថាបពរ រួចនឹងដាក់ ជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពិនិត្យនិងផ្តល់យោបល់ចុងក្រោយ។
ក្នុងជំនួបនេះ, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានសម្តែងនូវក្តីរីករាយ ដែលបានឃើញនូវវឌ្ឍនភាពរបស់គម្រោងទាំង ២ ខាងលើ នៃគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង ដោយឯកឧត្តមបានបញ្ជាក់ជូនទីភ្នាក់ងារ JICA អំពីការ គាំទ្រចំពោះលទ្ធផលនៃការសិក្សានេះ និងស្នើឱ្យមានការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារវាងក្រសួង និងក្រុមបេសកកម្ម របស់ទីភ្នាក់ងារ JICA តូក្យូ។
ចំពោះលទ្ធផលនៃការសិក្សាវិញ ចាំបាច់ត្រូវធ្វើការកែសម្រួលថ្លៃលក់ទឹករបស់រដ្ឋាករទឹកខេត្តស្វាយរៀង ដើម្បីធានានិរន្តភាពហិរញ្ញវត្ថុរបស់អង្គភាព នឹងស្នើឱ្យមានការកំណត់ថ្លៃលក់ទឹក ដោយបែងចែកតាមប្រភេទអតិថិជន និងតាមកម្រិត ប្រើប្រាស់ និងត្រូវមានការឧបត្ថម្ភថ្លៃលក់ទឹកដល់គ្រួសារក្រីក្រផងដែរ។
ចំពោះការធ្វើបច្ចុប្បន្នភាពផែនការឆ្នាំ ២០២១-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម បញ្ជាក់ថា នេះជាគឺ ការងារចាំបាច់ ព្រោះថា ផែនដីរដ្ឋបាលក្រុងភ្នំពេញមានការផ្លាស់ប្តូរជាច្រើន ហើយទីក្រុងក៏មានការរីកចម្រើនយ៉ាងលឿនផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើឱ្យទីភ្នាក់ងារ JICA សិក្សាអំពីលទ្ធភាពក្នុងការសាងសង់រោងចក្រប្រព្រឹត្តិកម្មសម្អាតទឹក នៅទីតាំងដី តំបន់បឹងតាមោករបស់អង្គភាព ព្រមទាំងប្រើប្រាស់ប្រភពទឹកពីបឹងតាមោកដោយផ្ទាល់តែម្តង៕ អត្ថបទ៖ សុន រ៉ាឌី
