រថយន្តដឹកជំនួយ និងបាវជំនួយនៅលើទ្រនាប់ឈើរៀបលើដី ត្រូវបានគេមើលឃើញនៅថ្ងៃព្រហស្បតិ៍នេះ ពេលដែលសារព័ត៌មានត្រូវបានអញ្ជើញដោយកងទ័ពអ៊ីស្រាអែលឲ្យមកផ្តិតយករូបភាពនៃការត្រៀមខ្លួនសម្រាប់ការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សានៅច្រកឆ្លងកាត់ព្រំដែន Kerem Shalom ។
ក្រោមសម្ពាធអន្តរជាតិ អ៊ីស្រាអែលបានបញ្ចប់ការបិទជំនួយរយៈពេល ១១សប្តាហ៍លើតំបន់ហ្កាហ្សា កាលពីរយៈពេល ១០ថ្ងៃមុន ។ ពួកគេបានអនុញ្ញាតឲ្យមានបរិមាណជំនួយមានកំណត់ចែកចាយតាម ២មធ្យោបាយ គឺអង្គការសហប្រជាជាតិ(UN) ឬមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយសហរដ្ឋអាមេរិក ។

UN និយាយថា ចាប់តាំងពីការចែកចាយជំនួយចាប់ផ្តើមឡើងវិញកាលពីសប្តាហ៍មុន អ៊ីស្រាអែលបានយល់ព្រមឲ្យមានរថយន្តដឹកជំនួយប្រហែល ៨០០គ្រឿង ។
ប៉ុន្តែអ្នកនាំពាក្យ UN លោក Stephane Dujarric និយាយថា រថយន្តដឹកជំនួយតិចជាង ៥០០គ្រឿងប៉ុណ្ណោះ បានចូលទៅក្នុងដែនដីប៉ាឡេស្ទីនតាមច្រកឆ្លងកាត់ព្រំដែន Kerem Shalom ជាទីដែលពួកយើង និងដៃគូរបស់ពួកយើងអាចទទួលបានជំនួយត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ ។
អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា បានបង្វែរ និងរឹបអូសការផ្គត់ផ្គង់ជំនួយ ប៉ុន្តែក្រុមហាម៉ាសបានច្រានចោលការលួចជំនួយទាំងនេះ ៕
