មេដឹកនាំកោះតៃវ៉ាន់លោក Lai Ching-te កាលពីពុធ (ទី២៨ ខែឧសភា) បានប្រកាសថា កោះរបស់លោក នឹងចាប់ផ្តើមទិញទំនិញអាមេរិកបន្ថែមទៀត បន្ទាប់ពីមានការគំរាមកំហែងដំឡើងពន្ធ ៣២ភាគរយពីលោកប្រធានាធិបតី Donald Trump។
លោក Lai បានធ្វើការប្រកាសបែបនេះ ខណៈកំពុងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍គណៈប្រតិភូសភាសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។ សមាជិកសភាគណបក្សសាធារណរដ្ឋទៅពីរដ្ឋ Arkansas លោក Bruce Westerman ដែលជាប្រធានគណៈកម្មាធិការធនធានធម្មជាតិរបស់សភា បានដឹកនាំគណៈប្រតិភូអាមេរិកដំបូង ក្នុងចំណោមគណៈប្រតិភូ ២ក្រុម ដែលធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ក្នុងសប្តាហ៍នេះ។
លោក Lai បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដោយសម្លឹងដល់ទិដ្ឋភាពពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស កោះតៃវ៉ាន់នឹងបន្តបង្កើនការទិញពីសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងធនធានថាមពលផងដែរ ដូចជាឧស្ម័នធម្មជាតិ និងប្រេង ក៏ដូចជាផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម និងសូម្បីតែលទ្ធកម្មយោធា»។

លោកបានបន្ថែមថា៖ «នេះនឹងមិនត្រឹមតែជួយធ្វើឲ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងដល់ការអភិវឌ្ឍ សម្រាប់កោះតៃវ៉ាន់ថែមទៀតផង នៅក្នុងផ្នែកស្វ័យភាពថាមពល ភាពធន់ សេដ្ឋកិច្ច និងពាណិជ្ជកម្ម»។
ជាមួយគ្នានេះ លោក Lai ក៏បានកត់សម្គាល់ផងដែរ អំពីការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ដែលសហរដ្ឋអាមេរិក បានបន្តធ្វើអស់ជាច្រើនទសវត្សរ៍មកហើយ ចំពេលមានការប្រឈមមុខដាក់គ្នារបស់កោះនេះជាមួយចិនដីគោក។
លោក Lai បានអរគុណដល់រដ្ឋាភិបាលអាមេរិក សម្រាប់ការបន្តការលក់គ្រឿងយុទ្ធោបករណ៍ឲ្យកោះតៃវ៉ាន់ និងការគាំទ្រដល់កិច្ចប្រឹងប្រែងបង្កើនសមត្ថភាពការពារ៕
