នៅថ្ងៃព្រហស្បតិ៍នេះ សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែនបានបញ្ចេញរូបភាពវីដេអូឃ្លីបឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបានព្យាយាមពន្លត់អណ្តាតភ្លើងដ៏ធំមួយ ក្រោយយានដ្រូនរុស្ស៊ីវាយប្រហារតំបន់ Sumy ។
ក្រុមអាជ្ញាធរអ៊ុយក្រែនតែងតែរាយការណ៍ញឹកញាប់ពីការវាយប្រហារដោយយានដ្រូន និងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីនៅតំបន់ Sumy ។

ក្រោយរុស្ស៊ី និយាយកាលពីចុងខែមេសាថា ពួកគេបានរុញច្រានកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ភាគខាងលិច Kursk របស់ខ្លួននោះ កងកម្លាំងទីក្រុងម៉ូស្គូ បានរុលចូលទៅកាន់តំបន់ Sumy ស្ថិតនៅតំបន់ភាគឦសានអ៊ុយក្រែន និងដណ្តើមបានភូមិជាច្រើននៅទីនោះ ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយកាលពីថ្ងៃអង្គារកន្លងទៅថា រុស្ស៊ីបានប្រមូលផ្តុំទាហាន ៥ម៉ឺននាក់នៅជិតតំបន់ Sumy ប៉ុន្តែលោកបន្តថា ទីក្រុងគីវ បានចាត់វិធានការការពារកងកម្លាំងក្រុងម៉ូស្គូពីការបើកការវាយប្រហារទ្រង់ទ្រាយធំនៅទីនោះ ៕
