នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីនត្រូវបានគេមើលឃើញជញ្ជូនកញ្ចប់ជំនួយនៅទីក្រុងភាគខាងត្បូង Rafah នៅជិតចំណុចចែកចាយជំនួយដែលកំណត់ដោយយន្តការថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយ ។
ស្របពេលដែលការចែកចាយជំនួយចាប់ផ្តើមឡើងវិញនោះ កងកម្លាំងអីស្រាអែលដែលបច្ចុប្បន្នគ្រប់គ្រងតំបន់ភាគច្រើននៅហ្កាហ្សា បានបន្តការវាយប្រហាររបស់ពួកគេ ដោយបានសម្លាប់ជនប៉ាឡេស្ទីន ៣.៩០១នាក់ ចាប់តាំងពីបទឈប់បាញ់រយៈពេលខ្លីដួលរលំកាលពីពាក់កណ្តាលខែមីនា ។
អ៊ីស្រាអែលនិយាយថា ប្រតិបត្តិការសឹករបស់ខ្លួនមានគោលដៅលើក្រុមជីវពលដឹកនាំដោយក្រុមហាម៉ាស និងបានចោទប្រកាន់ពួកគេថាបានប្រើប្រាស់ជនជនស៊ីវិលធ្វើជាខែលមនុស្ស គឺជាការចោទប្រកាន់មួយដែលក្រុមមួយនេះ បានច្រានចោល ។

មូលនិធិមនុស្សធម៌ហ្កាហ្សា(GHF)គាំទ្រដោយអ៊ីស្រាអែល និងសម្ព័ន្ធមិត្តជិតស្និតសហរដ្ឋអាមេរិក និយាយថា ពួកគេបានចែកចាយជំនួយស្បៀងអាហារប្រហែល ៨ពាន់ប្រអប់ ដែលស្មើនឹងអាហារចំនួន ៤៦២.០០០ ចាប់តាំងពីអ៊ីស្រាអែលបន្ធូរបន្ថយការបិទច្រករយៈពេល ១១សប្តាហ៍របស់ពួកគេកាលពីសប្តាហ៍មុន ។
ខណៈពេលនោះដែរ រថយន្តដឹកជំនួយ និងបាវជំនួយនៅលើទ្រនាប់ឈើរៀបលើដី ត្រូវបានគេមើលឃើញនៅថ្ងៃព្រហស្បតិ៍នេះ ពេលដែលសារព័ត៌មានត្រូវបានអញ្ជើញដោយកងទ័ពអ៊ីស្រាអែលឲ្យមកផ្តិតយករូបភាពនៃការត្រៀមខ្លួនសម្រាប់ការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សានៅច្រកឆ្លងកាត់ព្រំដែន Kerem Shalom ៕

