ឧត្ដរមានជ័យ៖ តុលាការខេត្តឧត្ដរមានជ័យ សម្រេចឲ្យបុគ្គលម្ខាងទៀតឈ្នះក្ដី ដោយអាជ្ញាធរខេត្តពុំទាន់បានចុះធ្វើការវិនិច្ឆ័យដី ដែលកំពុងមានទំនាស់នៅឡើយនោះ ខណៈបុគ្គលឈ្នះក្ដី គ្មានប្លង់កាន់កាប់ ហើយមិនមានអាជ្ញាធរណាម្នាក់ មានសិទ្ធិចេញប័ណ្ណកម្មសិទ្ធិដីធ្លីបាននោះទេ ព្រោះវាជាដីរដ្ឋ។
ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីនេះ អាជ្ញាធរខេត្តឧត្ដរមានជ័យ បានប្រាប់ទូរទស្សន៍BTV News យើងថា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានទទួលជ្រាបព័ត៌មានរួចហើយពីទំនាស់ដីធ្លី នៅចំណុចអូរពី ភ្នំគីងគួក ហើយខេត្តកំពុងត្រៀមចុះធ្វើការវិនិច្ឆ័យដីនៅតំបន់នោះ ក្នុងពេលឆាប់ៗខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា ដីរដ្ឋជាច្រើនហិកតា ស្ថិតនៅចំណុចអូរពី ភ្នំគីងគួក ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះ ត្រូវបានអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់រួមទាំងបក្សពួកកំពុងតែចូលកាប់ទន្ទ្រានដីបោះបង្គោលព្រំដីចែកគ្នាលក់ជាបន្ដបន្ទាប់ រហូតកើតមានជម្លោះប្តឹងផ្តល់ពលរដ្ឋទៅប្រព័ន្ធតុលាការផងដែរ។
ប្រជាពលរដ្ឋរស់នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ បានបញ្ជាក់និងអះអាងថា ដីនៅតំបន់នេះលោក បានមកកាប់គាស់និងអាស្រ័យផលដាំដំណាំ ចេក តាំងពីឆ្នាំ២០០២មកម្ល៉េះ ស្រាប់តែមកដល់ពេលនេះ លេចលឺថាដីនៅតំបន់នេះមានតំម្លៃ ឃើញមានឈ្មោះ ពៅ ជាយោធាភូមិភាគទី៤ និងឈ្មោះ និត សុវណ្ណារ៉ា ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ យកត្រាក់ទ័រ មកឈូកឆាយកាប់ទន្ទ្រានដីព្រៃ និងបោះបង្គោលព្រំរបង រំលោភមកលើដីពួកគាត់តែម្តង។
ប្រជាពលរដ្ឋ បានបន្ដទៀតថា ក្រុមពួកនេះ តែងតែដើរទន្ទ្រានកាប់ដីព្រៃម្ដុំនេះ លក់ជាបន្ដបន្ទាប់ មិនមានអាជ្ញាធរ និងមន្ដ្រីជំនាញណាមួយទៅហាមឃាត់នោះទេ ។ដូច្នេះពាក់ព័ន្ធបញ្ហាប្រជាពលរដ្ឋ បានសំណូមពរទៅអាជ្ញាធរខេត្តឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមន្ត្រីជំនាញពាក់ព័ន្ធ សូមមេត្តាចុះស្រាវជ្រាវស៊ើបអង្កេតទៅលើក្រុមបក្សពួកនេះឲ្យបានម៉ត់ចត់ ជៀសវាងក្រុមបក្សពួកនេះដើរទន្ទ្រាន តាមតែអំពើចិត្តយ៉ាងដូច្នេះ។
ពាក់ព័ន្ធការទន្ទ្រានដីរដ្ឋពីបក្សពួកក្រុមនេះ លោក និត សុវណ្ណារ៉ា ដែលជាអតីតក្រុមប្រឹក្សាសង្កាត់អូរស្មាច់ ធ្លាប់ប្រាប់ថា ដីនៅតំបន់ទីនេះជាដីរបស់គាត់ មានការទទួលស្គាល់ពីអតីតចៅសង្កាត់ចាស់ ផេម សំអាត ។
ពាក់ព័ន្ធករណីដីធ្លីខាងលើនេះ ដែរ លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ បច្ចុប្បន្ន បានបញ្ជាក់ប្រាប់ថា ភាគីជម្លោះដីធ្លី នៅតំបន់អូរពីរ ភ្នំគីងគួកនេះខាងអាជ្ញាធរសង្កាត់បានចុះហាមឃាត់ជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែពលរដ្ឋ នឹងយោធា រួមទាំងអតីតសមាជិកក្រុមប្រឹក្សាសង្កាត់ នៅតែចូលទៅកាប់ទន្ទ្រាន បោះបង្គោលរបងហ៊ុមព័ទ្ធដីនៅតំបន់ នេះរហូតដល់មានជម្លោះឈ្លោះប្រកែកគ្នា ឈានដល់ការប្តឹងផ្តល់គ្នាទៅតុលាការ។
លោក បញ្ជាក់ថា ក្នុងនាមលោកជាអាជ្ញាធរសង្កាត់បាន ដាក់រាយការណ៍ជូនអាជ្ញាធរក្រុងនឹងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរួចរាល់ហើយដីនៅតំបន់នេះជាដីរបស់រដ្ឋជាង ១០០ហិកតា ជាប្រភេទដីចំណីអូរ បឹង ជ្រោះ ភ្នំ និងដីសហគមន៍ផងដែរ មិនមានអាជ្ញាធរណាម្នាក់ មានសិទ្ធចេញប័ណ្ណកម្មសិទ្ធិដីធ្លីបាននោះទេ។
គួរបញ្ជាក់ផងដែរថា បុគ្គលដែលហ៊ានចេញប្លង់ដីនៅតំបន់ខាងលើនេះគឺលោក និត សុវណ្ណារ៉ា អតីតនៅមានតួនាទីជាមេភូមិ និងចៅសង្កាត់រងទី១ ក្នុងជំនាន់លោក ផេម សំអាត នៅជាចៅសង្កាត់ ហើយបច្ចុប្បន្នចូលនិវត្តន៍ ចេញប្លង់ឲ្យបក្សពួក និងគ្រួសាររបស់ខ្លួន និត ម៉ារ៉ាឌី មានដីទំហំ ៥០២៤០ ម៉ែត្រក្រឡា) ,មានឈ្មោះ សេង សុគន្ធា មានទំហំទទឹង១០០ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ មានចុះទទួលស្គាល់ដោយលោក និត សុវណ្ណារ៉ា នេះតែម្ដង និងមានឈ្មោះ និត សុវណ្ណារ៉ា ខ្លួនឯងមិនដាក់បណ្ដោយទទឹងដាក់ទំហំសរុប ១៣៣២៥០ ម៉ែត្រក្រឡា ទៅលើដីរដ្ឋដែលអ្នកផ្សេងគេធ្វើអត់បាន តែក្រុមគាត់ធ្វើបាន (ប្លង់គូសដោយដៃ គ្មានការទទួលស្គាល់ពីមន្ទីរជំនាញ)៕










