ទឹកជំនន់ធំខ្លាំង នៅប្រទេសរ៉ូម៉ានី កំពុងគំរាមកំហែងបំផ្លិចបំផ្លាញអណ្តូងរ៉ែអំបិល នៅភូមិ Praid ជាកន្លែងបម្រុងអំបិលដ៏ធំបំផុតមួយរបស់អឺរ៉ុប ដែលទាក់ទាញអ្នកទេសចរកន្លះលាននាក់ជារៀងរាល់ឆ្នាំ ដោយសារផ្លូវរូងក្រោមដីដែលឆ្លាក់ដោយអំបិលយ៉ាងស្រស់ស្អាតរបស់វា ដោយនៅក្នុងនោះមានទាំងឧទ្យានផ្សងព្រេង និងកូនវិហារដ៏តូចមួយផងដែរ។
អាជ្ញាធរបានបិទអណ្តូងរ៉ែនេះ ខណៈដែលទឹកជំនន់ដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេល ៣០ឆ្នាំ នៅតំបន់ Harghita ភាគកណ្តាលនៃប្រទេសរ៉ូម៉ានី បានធ្វើឲ្យទឹកព្រែកនៅក្បែរនោះឡើងពោរពាស ដោយបានជន់លិចផ្នែកខ្លះនៃអណ្តូងរ៉ែនេះបន្ថែមទៀត។
មន្ត្រីអាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា ទឹកជំនន់កំពុងគំរាមកំហែងបំផ្លាញជីវភាពរស់នៅរបស់ប្រជាជន នៅភូមិ Praid ដែលពឹងផ្អែកលើវិស័យទេសចរណ៍ តាមរយៈអណ្តូងរ៉ែអំបិលអស់ជាច្រើនទសវត្សរ៍មកហើយ។
លោក Csongor Zsombori ប្រធានគណនេយ្យករ នៅភូមិ Praid នៃក្រុមហ៊ុនអំបិលជាតិគ្រប់គ្រងដោយរដ្ឋ S.A. ដែលជាម្ចាស់អណ្តូងរ៉ែមួយផ្នែក បាននិយាយថា៖ «បញ្ហា ដោយសារអណ្តូងរ៉ែអំបិលនេះ អាចមានផលវិបាកដ៏មហន្តរាយ សម្រាប់តំបន់ទាំងមូល»។
គួរបញ្ជាក់ថា ទោះបីជាផ្នែកខ្លះនៃអណ្តូងរ៉ែនេះ បាននិងកំពុងផលិតអំបិល ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំប្រហែល ៧០.០០០-១០០.០០០តោនក៏ដោយ ក៏ផ្លូវក្រោមដីដ៏ធំរបស់វាដែលជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រផងដែរនោះ ទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន ដែលអ្នកខ្លះទៅកម្សាន្ត ដើម្បីព្យាបាលវេជ្ជសាស្រ្ត សម្រាប់ជំងឺផ្លូវដង្ហើមផងដែរ៕