សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន នៅក្នុងសភា និងទីប្រឹក្សាសេតវិមាន កំពុងជំរុញឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលយកការដាក់ទណ្ឌកម្មថ្មី ចំពោះទីក្រុងមូស្គូ ខណៈដែលមានការខកចិត្តកាន់តែខ្លាំងឡើងៗ ចំពោះការវាយប្រហារដោយយោធារបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លើអ៊ុយក្រែន។
លោក Trump បានពន្យារមិនដាក់ចេញនូវទណ្ឌកម្មបែបនេះអស់រយៈពេលជាច្រើនខែមកហើយ ដោយជឿថា រូបលោកអាចមានទំនាក់ទំនងប្រកបដោយផ្លែផ្កាជាមួយលោក Putin ដើម្បីបញ្ចប់សង្រ្គាម ហើយយល់ថា ទណ្ឌកម្មជាទូទៅត្រូវបានប្រើប្រាស់ហួសហេតុ និងជារឿយៗគ្មានប្រសិទ្ធភាព។
មន្ត្រីសេតវិមានបានប្រាប់ឲ្យដឹងថា លោក Trump នៅតែសង្ឃឹមថា នឹងលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ចជាមួយរុស្ស៊ី។ លោកមើលឃើញថា ការដាក់ទណ្ឌកម្មជាការបង្កើននូវភាពតានតឹងជាមួយទីក្រុងមូស្គូ ដែលអាចបំផ្លាញក្តីសង្ឃឹមនៃការមានបទឈប់បាញ់ នៅក្នុងជម្លោះដែលមានរយៈពេល ៣ឆ្នាំ។
ប៉ុន្តែបើតាមជំនួយការ បានឲ្យដឹងថា ការខកចិត្តរបស់លោកជាមួយលោក Putin គឺពិតជាខ្លាំងណាស់ និងកាន់តែធ្ងន់ធ្ងរទៅៗ។ ពួកគេបានប្រាប់ថា លោក Trump កំពុងផ្តល់ការពិចារណាយ៉ាងម៉ត់ចត់នូវការដាក់ទណ្ឌកម្ម បន្ទាប់ពីរុស្ស៊ីបានបង្កើនការវាយប្រហារ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ មន្ត្រីជាន់ខ្ពស់សេតវិមាន បាននិយាយថា៖ «លោក Trump តែងតែសម្លឹងមើលវិធីផ្សេងគ្នា ដើម្បីអនុវត្តសម្ពាធ។ នេះមិនមានភាពខុសគ្នាទេ។ លោកតែងតែថ្លឹងថ្លែងនូវជម្រើសរបស់លោក»។
ក្នុងវិធានការផ្សេងៗ ជម្រើសមួយដែលគាំទ្រដោយទីប្រឹក្សាមួយចំនួនរបស់លោក Trump គឺឲ្យលោកប្រធានាធិបតីទទួលយក ឬយ៉ាងហោចណាស់មិនរារាំង នូវច្បាប់ដែលណែនាំដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Lindsey Graham និងសមាជិកព្រឹទ្ធសភារបស់បក្សប្រជាធិបតេយ្យ លោក Richard Blumenthal កាលពីខែមុន ដែលនឹងដាក់អត្រាពន្ធ ៥០០ភាគរយលើទំនិញនាំចូលពីប្រទេសដែលទិញប្រេងពីរុស្ស៊ី៕