វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) បានប្រាប់ឲ្យដឹងថា ខ្លួននៅតែរង់ចាំការឆ្លើយតបពីអ៊ុយក្រែន ជុំវិញសំណើរបស់រុស្ស៊ី សម្រាប់ការរៀបចំកិច្ចចរចាសន្តិភាពបន្ទាប់ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី នាថ្ងៃទី២ ខែមិថុនា ដើម្បីចាប់ផ្តើមការពិភាក្សា លើសេចក្តីព្រាងអនុស្សរណៈ សម្រាប់កិច្ចព្រមព្រៀងសន្តិភាព។
រុស្ស៊ី កាលពីថ្ងៃពុធ (ទី២៨ ខែឧសភា) បានស្នើជុំថ្មីនៃកិច្ចចរចាដោយផ្ទាល់ ក្នុងគោលបំណងបង្ហាញដល់អ៊ុយក្រែននូវអនុស្សរណៈមួយ ដែលគូសបញ្ជាក់នូវអ្វីដែលខ្លួនបានពិពណ៌នាថា ជាធាតុសំខាន់ សម្រាប់ «ជម្នះលើដើមហេតុ» នៃជម្លោះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រហូតមកដល់ពេលនេះ ទីក្រុងមូស្គូមិនទាន់ទទួលបានការឆ្លើយតបពីទីក្រុងគីវនៅឡើយទេ។ នៅពេលត្រូវបានសួរ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ដែលថា រុស្ស៊ីគួរតែប្រគល់អនុស្សរណៈនេះភ្លាមៗនោះ លោក Peskov បានច្រានចោលគំនិតនេះ ដោយលើកឡើងថា «មិនប្រកបដោយការស្ថាបនា» ឡើយ។
លោក Peskov បាននិយាយថា៖ «ក្នុងស្ថានភាពនេះ អ្នកត្រូវតែបញ្ជាក់ឲ្យច្បាស់ពីការត្រៀមខ្លួនរបស់អ្នកថា តើបន្តការចរចា ឬក៏អត់»។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បាននិយាយកាលពីថ្ងៃពុធថា ក្រុងគីវបានបញ្ជូនអនុស្សរណៈរបស់ខ្លួនរួចហើយ ស្តីពីដំណោះស្រាយ នាពេលខាងមុខ ហើយបានអំពាវនាវឲ្យរុស្ស៊ីប្រគល់សំណើរបស់ខ្លួនភ្លាមៗ ជាជាងរង់ចាំរហូតដល់សប្តាហ៍ក្រោយ៕