បេសកជនអាមេរិក ប្រចាំនៅប្រទេសស៊ីរី គឺលោក Thomas Barrack បានលើកទង់ជាតិអាមេរិក នៅលើគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូត នៅទីក្រុងដាម៉ាស នាថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) នេះ ដែលជាលើកដំបូង គិតចាប់តាំងពីស្ថានទូត បានបិទក្នុងឆ្នាំ២០១២ ពោលគឺមួយឆ្នាំបន្ទាប់ពីជម្លោះបានផ្ទុះឡើង។
បន្ទាប់ពីមានការប្រាស្រ័យទាក់ទងតិចតួចជាច្រើនខែជាមួយរដ្ឋបាលថ្មីរបស់ស៊ីរី សហរដ្ឋអាមេរិកបានកសាងទំនាក់ទំនងយ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបជាមួយប្រធានាធិបតីថ្មីរបស់ស៊ីរី លោក Ahmed al-Sharaa ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីពាក់កណ្តាលខែឧសភា ហើយរដ្ឋបាលរបស់លោក បានបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសនេះ។
លោក Barrack ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសទួរគីផងដែរនោះ ត្រូវបានតែងតាំងជាបេសកជនអាមេរិក ប្រចាំនៅស៊ីរី កាលពីថ្ងៃទី២៣ ឧសភា ហើយកំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសនេះ។
គួររំលឹកថា សហរដ្ឋអាមេរិកបានបិទស្ថានទូតរបស់ខ្លួន នៅទីក្រុងដាម៉ាស ក្នុងខែកុម្ភៈ ឆ្នាំ២០១២ ដោយមានរយៈពេលជិតមួយឆ្នាំបន្ទាប់ពីការតវ៉ាប្រឆាំងនឹងប្រធានាធិបតីនាពេលនោះ គឺលោក Bashar al-Assad បានក្លាយទៅជាជម្លោះដ៏ហិង្សា ដែលបានបន្តបំផ្លិចបំផ្លាញស៊ីរីអស់រយៈពេលជាងមួយទសវត្សរ៍៕