ម្ចាស់អាជីវកម្មរាប់រយនាក់បានបិទផ្លូវចូលទៅកាន់រដ្ឋធានី Pristina របស់ប្រទេសកូសូវ៉ូ នាថ្ងៃព្រហស្បតិ៍ (ទី២៩ ខែឧសភា) នេះ ដើម្បីតវ៉ាជំទាស់នឹងច្បាប់ថ្មី ដែលបង្ខំឲ្យពួកគេត្រូវទិញថាមពលអគ្គិសនីពីទីផ្សារបើកចំហ ពោលគឺជាអ្វីដែលពួកគេនិយាយថា អាចធ្វើឲ្យពួកគេចំណាយថ្លៃអគ្គិសនីខ្ពស់ដល់ទៅ ៣ដង។
និយតករថាមពល បានប្រកាសនៅក្នុងខែមីនាថា ចាប់ពីថ្ងៃទី១ ខែមិថុនា ក្រុមហ៊ុនទាំងអស់ដែលមានកម្មករច្រើនជាង ៥០នាក់ ឬប្រាក់ចំណូលលើសពី ១០លានអឺរ៉ូ (១១,២៩លានដុល្លារ) នឹងមិនត្រូវបានការពារដោយកម្មវិធីឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដែលជាការជួយឲ្យការចំណាយលើថាមពលអគ្គិសមនីនៅកូសូវ៉ូ ស្ថិតក្នុងចំណោមការចំណាយអស់ទាបបំផុត នៅអឺរ៉ុប។
និយតករបានឲ្យដឹងថា ចំណាត់ការនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះ «សេរីភាវូបនីយកម្មទីផ្សារ» ដែលជាលក្ខខណ្ឌសម្រាប់សមាជិកភាពនៃសហភាពអឺរ៉ុប។ ប៉ុន្តែម្ចាស់អាជីវកម្ម បានលើកឡើងថា វានឹងប៉ះពាល់ដល់ចំណូលរបស់ពួកគេ។
ឡានដឹកទំនិញធុនធំ ឡានដឹកទំនិញធុនតូច និងកម្មករ បាននាំគ្នាបិទផ្លូវសំខាន់ៗជាច្រើន ក្នុងទីក្រុង Pristina។ ក្រុមនគរបាល បានបង្ហាញវត្តមាន ដើម្បីតាមមើលការតវ៉ានេះ។ លោក Shaqir Palushi ដែលម្ចាស់ក្រុមហ៊ុនភេសជ្ជៈឈ្មោះ Frutex បាននិយាយថា ការចំណាយលើថាមពលអគ្គិសនីប្រចាំឆ្នាំរបស់លោក នឹងកើនឡើង ៣ដងដល់ប្រហែល ១,៣លានអឺរ៉ូ ដោយផ្អែកលើសម្រង់ដែលលោកទទួលបានពីក្រុមហ៊ុនផ្គត់ផ្គង់ផ្សេងៗ៕